ចប់ចូលឆ្នាំភ្លាម យុទ្ធនាការសម្អាតផ្ទៃទឹកស្ទឹង ចាប់ផ្តើមនៅខេត្តបាត់ដំបង

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី20 ខែមេសា ឆ្នាំ2024 ម៉ោង 12:04 នាទី ល្ងាច

នេះជាជំហានទី១ នៃយុទ្ធនាការសម្អាតផ្ទៃទឹកស្អាត ដែលចាប់ផ្តើមពីការសិក្សាលើប្រព័ន្ធ ព្រែក អូរ ស្ទឹង និងការរៀបចំរបាំងតាមប្រព័ន្ធ ដើម្បីទប់ស្កាត់មិនឱ្យប្លាស្ទិកហូរចូលស្ទឹង ឬព្រែក បឹងបួរ ទន្លេ នៅលើទឹកដីខេត្តបាត់ដំបង។

ជាក់ស្តែង ក្រោយចប់ពិធីចូលឆ្នាំប្រពៃណីខ្មែរ នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៤ បុគ្គលិកគម្រោង OEOO នៃអង្គការ COMPED រួមទាំងអាជ្ញាធរភូមិ សង្កាត់ស្លាកែត ក្ដុលដូនទាវ និងក្រុមយុវជនស្ម័គ្រចិត្តសាលាក្រុងបាត់ដំបង សរុប 27នាក់ បានធ្វើយុទ្ធនាការសម្អាតសហគមន៍ ជួយសហគមន៍សម្អាតដងផ្លូវ និងប្រឡាយទឹក ប្រព័ន្ធទឹកដងស្ទឹងសង្កែ និងទប់ស្កាត់លំហូរសំណល់ប្លាស្ទីកចាក់ចូលដងស្ទឹងសង្កែ ដោយកសាងទំនាក់ទំនង និងផ្សព្វផ្សាយគម្រោង OEOO ជាមួយអ្នកពាក់ព័ន្ធ ។

នេះជាការរំលេចសកម្មភាពមួយ ដែលពុំធ្លាប់មាន ចាប់ផ្តើមសម្អាតនៅតាមបណ្ដោយផ្លូវភ្លោះឯកភ្នំ និងក្នុងប្រឡាយ ចាប់ពីរង្វង់មូលពោធិ៍ម៉ស្រី ដល់សង្វៀនប្រដាល់ឯកភ្នំ ក្នុងទឹកដីខេត្តបាត់ដំបង ។

យោងតាមអនុសាសន៍របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពី​ខែ​កុម្ភៈឆ្នាំ ២០២៤ ក្នុង​ឱកាសអញ្ជើញពិនិត្យមើល សកម្មភាពសម្អាតដងន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញថា «យើងត្រូវទប់ស្កាត់ជាមុន កុំឱ្យសំរាមហូរតាមទឹកព្រែក អូរ ស្ទឹងទាំងនោះ ទៅចាក់ចោលក្នុងទន្លេសាប ព្រោះទន្លេសាបមិនមែនជាធុងសំរាម ឬធុងដាក់ថង់ប្លាស្ទិកនោះទេ»។

ឯកឧត្តមរដ្ឋមន្រ្តីថា អាទិភាពចម្បង គឺយុទ្ធនាការសម្អាតលើផ្ទៃទឹក សម្អាតថង់ប្លាស្ទិកលើផ្ទៃទឹក ទប់ស្កាត់មិនឱ្យហូរចូលទន្លេសាប ។ ផែនការរបស់ក្រសួងបរិស្ថាន ចង់ឱ្យត្រីជាប្រភពប្រូតេអ៊ីនរបស់ប្រជាជនយើង ដែលអាចចិញ្ចឹមជីវិតបានប្រមាណ ៧លាននាក់នៅគង់វង្ស។ យើងមិនចង់ឱ្យមានការបាត់បង់ត្រីដោយសារការបំពុលដោយសំរាម និងដោយថង់ប្លាស្ទិកទេ។ នៅពេលថង់ប្លាស្ទិកនៅក្នុងទន្លេ បឹងបួរ ព្រែក ស្ទឹង នាំឱ្យខូចបរិស្ថាន ពេលវាពុកផុយ ក្លាយជាចំណីត្រី ហើយពេលមនុស្សបរិភោគត្រី នាំឱ្យខូចសុខភាពយើងផងដែរ នោះនឹងខាតបង់ធំ»។

កម្លាំងយុទ្ធនាការនេះ នឹងបន្តសកម្មភាពសម្អាតផ្ទៃទឹកដូចភ្លៀងរលឹម ដោយដាក់ផែនការជាមួយសង្កាត់ក្ដុលដូនទាវ គៀងគរយុវជន សិស្សសាលា សម្អាតពីចំណុចស្ដាតប្រដាល់ ដល់ប្រសាទឯកភ្នំ និងទីកន្លែងដែលផ្សេងៗទៀត ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម