របត់ថ្មីនៃសេរីភាពសារព័ត៌មាននៅកម្ពុជា

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី04 ខែឩសភា ឆ្នាំ2024 ម៉ោង 11:15 នាទី ព្រឹក

អត្ថបទ សូរ្យរិទ្ធ៖ 

ស្របពេលដែលពិភពលោករៀបចំធ្វើទិវាសេរីភាពសារព័ត៌មានលើកទី ៣១ ថ្ងៃ ៣ ឧសភា ឆ្នាំ២០២៤ នៅប្រទេសឈីលី ប្រទេសកម្ពុជាក៏មានព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែរ គឺនាយករដ្ឋមន្ត្រីសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជួបអ្នកសារព័ត៌មាន ៥០០០ នាក់​លើកទី៦ នៅមជ្ឈមណ្ឌកកោះពេជ្រ រាជធានីភ្នំពេញ នារសៀលថ្ងៃទី ៣ ឧសភា ឆ្នាំ ២០២៤ ក្នុងន័យបង្ហាញពិភពលោកឲ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា បន្តលើកម្ពស់សេរីភាពសារព័ត៌មាន និងសេរីភាពនៃការ​បញ្ចេញមតិ ។ 

ការឆ្លុះបញ្ចាំងឃើញថា សេរីភាពសារព័ត៌មាននៅកម្ពុជាមិនអាក្រក់ ឬដាក់សម្ពាធ ឬកៀបសង្កត់ទៅលើអ្នកសារព័ត៌មាន គឺមានភាពល្អប្រសើរក្នុងប្រតិបត្តិការងារជាក់ស្តែង ហើយពីមួយថ្ងៃទៅមួយថ្ងៃមានការកើនឡើងយ៉ាងគំហុក ប្រជាពលរដ្ឋទទួលបាន​ព័ត៌មានយ៉ាងសម្បូរបែប លឿន រហ័ស ស្របពេលកម្ពុជា និងប្រទេសក្នុងតំបន់ ក៏ដូចពិភពលោក បោះជំហានចូលដល់ចំណុចរបត់នៃបរិវត្តកម្មឌីជីថល (Digital) ក្រោមក្រសែភ្នែក និងបាតដៃយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយពូនជ្រុំរាល់សមិទ្ធផល និងស្នាដៃដឹកនាំក្នុងអាណត្តិមុនៗលើវិស័យសារព័ត៌មាន របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ។

ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា ក្រសួងព័ត៌មានមានបេសកកម្មកែទម្រង់វិស័យសារព័ត៌មានឲ្យមានសកម្មភាព អន្តរសកម្មភាព ប្រសិទ្ធភាព និងគុណភាព ក្រោមទស្សនៈ ថ្មី ពិត លឿន ជំនឿទុកចិត្ត ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន ។

ងាកត្រឡប់ទៅ ៤៥ ឆ្នាំមុន កម្ពុជាមានកាសែតត្រឹម ២-៣ ស្ថាប័នប៉ុណ្ណោះ គឺកាសែតកម្ពុជា (ជារបស់រដ្ឋ) កាសែតប្រជាជន (ជារបស់បក្ស) និង ភ្នំពេញ (របស់រដ្ឋធានី)... ហើយអ្នកកាសែតមានមិនដល់ ១០ នាក់ផង ដែលប្រឹងត្រដរសរសេរព័ត៌មានឲ្យពលរដ្ឋទទួលបានពីគោលនយោបាយបក្ស រដ្ឋ ។ រហូតមកដល់បច្ចុប្បន្ន នៅពេលសេរីភាពសារព័ត៌មានក្នុងកម្ពុជាបើកចំហ មានអង្គភាពសារព័ត៌មានរហូតជាង ៣.០០០ អង្គភាព និងអ្នកសារព័ត៌មានប្រមាណ ១០.០០០ នាក់ ។ នេះកម្ពុជាឈានជើងមកដល់ចំណុចរបត់នៃការរីកចំរើនប្រែប្រួលរហ័ស ទាំងបច្ចេកវិទ្យា និងធនធានជាអ្នកសារព័ត៌មាន ។

សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រឲ្យមានការបណ្តុះបណ្តាលអ្នកសារព័ត៌មាន ទោះទ្រង់ទ្រាយតូចក៏ដោយ ដើម្បីបំពាក់បំប៉នឲ្យអ្នកសារព័ត៌មានសរសេរដោយមានក្រមសីលធម៌ និងការជឿទុកចិត្តពីប្រជាពលរដ្ឋ ចៀសវាងការសរសេរមិនពិត បំពុល ដើម្បីតែផលប្រយោជន៍ខ្លួន ។ សម្តេចធិបតី បានផ្តោតសំខាន់ទៅលើនីតិវិធី លិខិតបទដ្ឋានគតិយុត្ត ដើម្បីត្រៀមរៀបចំឲ្យមានធម្មនុញ្ញសារព័ត៌មាន ។

លោក រ៉ាអូល ម៉ាក ដេណា អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាទីប្រឹក្សារាជរដ្ឋាភិបាល បានលើកទស្សនៈថា សេរីភាពភាពនៃការបញ្ចេញមតិ ត្រូវបានប៉ះពាល់ដោយសារកង្វការគោរពបុគ្គល កង្វះខាតគោរពច្បាប់ និងនៅពេលមានការសាយភាយនូវព័ត៌មានក្លែងក្លាយ ។

សម្តេចធិបតី បានសង្កត់ធ្ងន់ ឲ្យអ្នកសារព័ត៌មានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុល ញុះញង់ បង្កឲ្យមានភាពវឹកវរសង្គម បែកបាក់សាមគ្គីជាតិ ។ ដូចនេះអ្នកសារព័ត៌មានមានតួនាទីយ៉ាងសំខាន់ខ្លាំងក្នុងទប់ស្កាត់ព័ត៌មានក្លែងក្លាយ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម