ឈប់មានមន្ទិលពីរឿងចាក់វ៉ាក់សាំង លោកស្រី ឱ វណ្ណឌីន ពន្យល់ក្បោះក្បាយ!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី04 ខែមេសា ឆ្នាំ2021 ម៉ោង 11:13 នាទី ព្រឹក

អត្ថបទ សូរ្យរិទ្ធ៖

ថ្មីៗនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង និងជាអ្នកនាំពាក្យក្រសួង បានបកស្រាយពន្យល់អំពីវ៉ាក់សាំងទាំង ៣ ប្រភេទដែលបងប្អូនយើងភាគច្រើននៅមិនទាន់យល់ច្បាស់ ។

លោកស្រីបានមានប្រសាសន៍ថា វ៉ាក់សាំងស៊ីណូវ៉ាក់ និង ស៊ីណូហ្វាម វាប្រហាក់ប្រហែលគ្នា ។

១-ស៊ីណូវ៉ាក់ (sinovac) ចាក់បានពីអាយុ ១៨ ឆ្នាំឡើងទៅដោយមិនកំណត់ គឺមនុស្សចាស់ដែលមានអាយុ ៦០ ឡើងទៅក៏ចាក់បានដែរ លើកលែងតែបុគ្គលនោះមានជំងឺធ្ងន់ធ្ងរ ដូចជាឡើងឈាមមិនអាច Control បាន ប្រើថ្នាំហើយនៅតែមិនចុះ តែសម្រាប់អ្នកទឹកនោមផ្អែម ដែលមិនមានសភាពធ្ងន់ធ្ងរក៏អាចចាក់វ៉ាសាំងបាន ។ សម្រាប់ស្ត្រីមានផ្ទៃពោះ លោកស្រីប្រធានមានប្រសាសន៍ថា អត់ទាន់ទទួលបានការណែនាំនៅឡើយទេ តែ WHO បានឲ្យយើងវាយតម្លៃទៅលើស្ត្រីនោះ បើសិននៅក្នុងតំបន់មានហានីភ័យខ្ពស់ គ្រូពេទ្យក៏អាចឲ្យចាក់បានដែរ តែត្រូវតាមដានឲ្យបានច្បាស់លាស់ ។

សំណួរមួយលើកឡើងថា ចុះកូននៅក្នុងផ្ទៃអាចមានផលប៉ះពាល់ដែរឬទេ? ចំណុចនេះក៏អត់មានការសិក្សាណាបញ្ជាក់ច្បាស់នៅឡើយដែរ ដែលផ្តោតទៅលើកូនកើតមកមិនមានភាពធម្មតា ចំណុចនេះយើងមិនទាន់មានការអះអាងនៅ ឡើយ រង់ចាំការសិក្សារបស់អ្នកវិទ្យាសាស្ត្រ ដូច្នេះលោកស្រីបានណែនាំចំពោះស្ត្រីមានផ្ទៃពោះថា សូមរង់ចាំបន្តិចសិនទៅ មិនទាន់គួរមកទទួលវ៉ាក់សាំងទេ, សម្រាប់ស្ត្រីដែលបំបៅកូនដោយទឹកដោះ មិនមានការអ្វីដែលត្រូវហាមឃាត់ឡើយ ។

២-ស៊ីណូហ្វាម (sinopharm) រាងតឹងបន្តិច ពីមុនបានកំណត់ថា អាយុពី ១៨ ដល់ ក្រោម ៥៩ ឆ្នាំ ប៉ុន្តែសិក្សាថ្មីនេះគេលែងកំណត់ហើយ គឺមនុស្សអាយុចាស់ពី ៦០ ឆ្នាំឡើងទៅក៏អាចចាក់បានដែរ ក្រសួងសិក្សាបន្ថែមទៀត និងរង់ចាំឲ្យមានការណែនាំបន្ថែមទៀតពី WHO ។

លោកស្រីបានបញ្ជាក់ថា រវាងស៊ីណូហ្វាម និង ស៊ីណូវ៉ាក់ ចន្លោះចាក់ពីដូសទី ១ ទៅដូសទី ២ គឺដូចគ្នា ពី ១៤ ថ្ងៃទៅ ២៨ ថ្ងៃ ។

៣- ចំពោះកូហ្វីសែល អេស្ត្រាសេណេកា (AstraZeneca) ពីមុនកំណត់រយៈពេលដូសទី១ ទៅដូងទី ២ ពី ៤ សប្តាហ៍ ទៅ ៨សប្តាហ៍ ប៉ុន្តែថ្មីៗនេះ WHO បានណែនាំដ៏ទទូចសម្រាប់ការចាក់ដូសទី ២ ឲ្យមានចន្លោះពីសប្តាហ៍ទី ៨ ដល់សប្តាហ៍ទី ១២ ពីព្រោះមានកងការពារ (អង់ទីគ័រ) ខ្លាំងជាងក្រុមដែលបានចាក់ក្រោម ៤ សប្តាហ៍ទៅ ៨សប្តាហ៍ ។ ដូច្នេះសូមអ្នកដែលចាក់ដូសទី ១ ហើយត្រូវចាក់ដូសទី ២ ចូរមកទទួលវ៉ាក់សាំងកុំឲ្យហួសពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម