វ៉ាក់សាំង ៥០ម៉ឹនដូសរបស់ចិន នឹងមកដល់ថ្ងៃទី ១១ ឧសភា

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី10 ខែឩសភា ឆ្នាំ2021 ម៉ោង 10:59 នាទី ព្រឹក

អត្ថបទ សាវុឌ្ឍៈ 

នៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ ស្អែកនេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត ហើយនៅថ្ងៃទី ១៥ ឧសភា នឹងដឹកមកដល់កម្ពុជានូវចំនួន ៥០ ម៉ឺនដូសបន្ថែមទៀត ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានបញ្ជាក់ច្បាស់ថា វ៉ាក់សាំងសម្រាប់ចាក់ចំនួន ៥២ម៉ឺននាក់ នៅក្នុងតំបន់ក្រហម គឺមិនខ្វះទេ គឺថ្ងៃទី ១១ខែឧសភា ឆ្នាំ ២០២១ វ៉ាក់សាំងនឹងមកដល់ ៥០ម៉ឺនដូស និងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១ នឹងដឹកមកដល់ចំនួន ៥០ម៉ឺនដូសទៀត សរុប ១លានដូសនៅក្នុងដៃរបស់យើងបន្ថែមទៀត ។

សម្តេចតេជោហ៊ុន សែន ក៏សូមស្នើសម្តេចពិជ័យសេនាទៀ បាញ់ បញ្ជាទៅអង្គភាពដែលត្រូវចុះចាក់នៅក្នុងតំបន់ក្រហម មិនត្រូវបញ្ចប់ដូសទី១ ត្រឹមថ្ងៃទី ១៥ ខែឧសភានោះទេ គឺដូសទី១ ត្រូវតែធ្វើយ៉ាងណាឲ្យហើយ ឲ្យអស់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ។ សម្តេចបញ្ជាក់ថា មិនថាត្រឹមតែ ៥២ម៉ឺននាក់ទេ ទោះបីជា ៥៣ ទៅ៥៤ម៉ឺន ឬ ៥៥ម៉ឺននាក់ ក៏យើងនៅតែមានលទ្ធភាព ដើម្បីចាក់ជូនប្រជាពលរដ្ឋដែរ ។

សូមជម្រាបថា យោងតាមរបាយការណ៍បូកសរុបរបស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២១ គឺក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបានចំនួន ១.៧៧៣.៩៩៤ ដូសហើយ ។ ដោយឡែកក្នុងរយ:ពេល ៩ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្រសួងការពារជាតិក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួន ៣៩៩.៦១៧នាក់ផងដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម