កម្ពុជាទទួលបានការចាប់អារម្មណ៍ពីអ្នកការទូតប្រទេសបែលហ្សិក លើការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី20 ខែឩសភា ឆ្នាំ2025 ម៉ោង 7:30 នាទី ល្ងាច

 

ទីស្តីការក្រសួងបរិស្ថាន៖ កម្ពុជាកំពុងទទួលបានចំណាប់អារម្មណ៍ពីអ្នកការទូតប្រទេសបែលហ្សិក ក្នុងការវិនិយោគលើវិស័យគ្រប់គ្រងសំណល់វេជ្ជសាស្រ្ត ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមាន ភាពស្អាត ភាពបែតង និងចីរភាព ដើម្បីធានាបាននូវសុខភាពបរិស្ថានល្អប្រសើរ និងកាត់បន្ថយប្រភពបំពុលនានាដែលបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋកម្ពុជា។ ចំណាប់អារម្មណ៍របស់អ្នកការទូតប្រទេសបែលហ្សិកនេះ គឺមាននៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយលោកស្រី Sarah Gasquard ភារធារីស្តីទីស្ថានទូតនៃព្រះរាជាណាចក្របែលហ្សិក ប្រចាំនៅព្រះរាជាណាចក្រថៃឡង់ដ៍ និងលោក Jean-Pierre Muller ទីប្រឹក្សាពាណិជ្ជកម្ម និងវិនិយោគ ភ្នាក់ងារនាំចេញ និងវិនិយោគ Wallonia (AWEX) រួមជាមួយលោកស្រី Léa Lenclus ការអភិវឌ្ឍអាជីវកម្មអាស៊ី ក្រុមហ៊ុន Ecosteryl នៅរសៀលថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៥។

លោកស្រីភារធារីស្តីទី Sarah Gasquard បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់ក្រសួងបរិស្ថានកម្ពុជា ក្នុងការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំរបស់បែលហ្សិកតាមរយៈអង្គការ WWF។ លោកស្រីបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងបន្ត ទោះបីជាស្ថានទូតបែលហ្សិកកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរឯកអគ្គរាជទូតថ្មីក៏ដោយ។ លើសពីនេះ ដោយមានការចាប់អារម្មណ៍ខ្លាំងចំពោះការវិនិយោគវិស័យសំណល់វេជ្ជសាស្រ្តនៅកម្ពុជា លោកស្រីសូមណែនាំក្រុមហ៊ុន Ecosteryl។

 

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះអ្នកវិនិយោគ តាមរយៈកិច្ចសហប្រតិបត្តិការការទូតរវាងព្រះរាជាណាចក្របែលហ្សិកនិងកម្ពជា។ ក្រសួងបរិស្ថានកម្ពុជា ក្នុងនាមជាអ្នកចេញអាជ្ញាបណ្ណសម្រាប់ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ មានក្រមបរិស្ថានសម្រាប់អនុវត្តនិងស្វាគមន៍ក្រុមហ៊ុនថ្មីៗមកចូលរួមទីផ្សារនេះ។ សម្រាប់ផែនការអនាគត ក្រសួងគ្រោងនឹងប្រើប្រាស់បច្ចេកវិទ្យាដុតសំរាមប្លាស្ទិកនៅសីតុណ្ហភាពលើសពី ១០០០ អង្សាសេ ដោយបង្ការមិនឱ្យមានគ្រោះថ្នាក់ដល់សុខភាពសាធារណៈជន និងធានាបាននូវសុខភាពបរិស្ថាន។ លើសពីនេះ នឹងកែលម្អកន្លែងចាក់សំរាមទៅជាកន្លែងដែលមានលក្ខណៈបច្ចេកទេសកម្រិតអន្តរជាតិ។ ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានរៀបចំប្រព័ន្ធរដ្ឋបាល Digital ដើម្បីជួយសម្របសម្រួល និងកាត់បន្ថយការិយាធិបតេយ្យដល់អ្នកវិនិយោគវិស័យបរិស្ថានផងដែរ។

ស្របនឹងការថ្លែងឡើងនេះ លោកស្រីភារធារីស្តីទី Sarah Gasquard បានបង្ហាញពីសុទិដ្ឋនិយមចំពោះកម្ពុជាថា  នឹងទទួលបានវិនិយោគិនកើនឡើង ពីព្រោះកម្រិតយល់ដឹងនៃភាសាបរទេសរបស់ប្រជាជនកម្ពុជាមានភាពល្អប្រសើរជាងបណ្តាប្រទេសមួយចំនួន ជាពិសេសកម្ពុជាមានស្ថិរភាពនយោបាយ សេដ្ឋកិច្ចល្អប្រសើរ និងមានសុខសន្តិភាពពេញលេញ ដែលកត្តាទាំងនេះគឺជាឱកាសសម្រាប់ការវិនិយោគលើគ្រប់វិស័យនៅកម្ពុជា។ សូមជម្រាបជូនថា ជំនួបនេះបានបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរវាងប៊ែលហ្សិក និងក្រសួងបរិស្ថានកម្ពុជា ព្រមទាំងឱកាសវិនិយោគដ៏ទូលំទូលាយសម្រាប់ក្រុមហ៊ុនបែលហ្សិក ពិសេសក្រុមហ៊ុន Ecosteryl ក្នុងការចូលរួមដោះស្រាយបញ្ហាកាកសំណល់វេជ្ជសាស្ត្រ និងប្លាស្ទិកនៅកម្ពុជា៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម