រោងចក្រ XIN MEI FUSHI (CAMBODIA) CO.,LTD. ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដុតកម្ទេចក្រណាត់និងសំណល់ប្លាស្ទិក បង្កការបំពុលបរិស្ថាន។
បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ភ្លាម ក្រុមអធិការកិច្ចរបស់ក្រសួងបរិស្ថាន បានចុះទៅជាបន្ទាន់ ឃើញមានផ្សែងពណ៌ខ្មៅហុយចេញពីបំពង់ផ្សែងឡចំហាយ ជាការបំពុលបរិស្ថាន និងប៉ះពាល់ដល់សុខភាពសាធារណៈធ្ងន់ធ្ងរ ។ ក្រុមការងារអធិការកិច្ចក្រសួង បានដាក់វិធានការចំពោះក្រុមហ៊ុនដូចខាងក្រោម៖
១-ត្រូវបញ្ឈប់ការដុតកម្ទេចក្រណាត់ និងសំណល់ប្លាស្ទិកជាបន្ទាន់
២-ត្រូវរងពិន័យអន្តរការណ៍ តាមច្បាប់កំណត់
៣-ត្រូវស្នើសុំលិខិតអនុញ្ញាតនានា ពាក់ព័ន្ធនឹងវិស័យបរិស្ថាននៅក្រសួងបរិស្ថាន
៤-ទុកដាក់កម្ទេចក្រណាត់ និងសំណល់ប្លាស្ទិកនៅឱ្យឆ្ងាយពីឡចំហាយ ហាមដាច់ខាតយកទៅដុត
៥-ត្រូវប្រើប្រាស់ក្រុមហ៊ុនប្រមូល ទុកដាក់ ដឹកជញ្ជូនសំរាមសំណល់រឹង ដែលមានអាជ្ញាប័ណ្ណ ត្រឹមត្រូវស្របច្បាប់ស្ថិតក្នុងដែនសមត្ថកិច្ច
៦-ត្រូវកែសម្រួលបច្ចេកទេសឡចំហាយ បំពាក់ដំរងច្រោះផ្សែង ឲ្យត្រូវតាមស្តង់ដាកំណត់ ។
ក្រុមហ៊ុន XIN MEI FUSHI (CAMBODIA) CO.,LTD. ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ បើកដំណើរការនៅដើម ឆ្នាំ២០២៥ និងមានបុគ្គលិកសរុបចំនួន ២៥០ នាក់។ រោងចក្របានដុតកម្ទេចក្រណាត់ និងសំណល់ប្លាស្ទិក ដើម្បីដំណើរការឡចំហាយ និងមានរក្សាទុកកម្ទេចក្រណាត់ និងសំណល់ប្លាស្ទិកលាយជាមួយអុសនៅក្បែរឡចំហាយ និង ពុំទាន់មានលិខិតអនុញ្ញាតផ្សេងៗទាក់ទងនឹងការគ្រប់គ្រងបរិស្ថាននៅឡើយ។ ក្នុងករណី ម្ចាស់រោងចក្រ មិនបានអនុវត្តនូវវិធានការច្បាប់ខាងលើ ក្រសួងបរិស្ថាន នឹងអនុវត្តទៅតាមវិធានការច្បាប់ដែលមានជាធរមានជាបន្តទៀត ៕