នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ពិធីសូត្រមន្ត ស្លសិតទៀនព្រះវស្សា ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ចិន ច័ន្ទមុនី ឧបការី និងជាប្រធានក្រុមប្រឹក្សាវិន័យ និងត្រួតពិនិត្យផ្ទៃក្នុង នៃ អ.ប.ព. ឯកឧត្តម សុត ធា អនុប្រធាន អ.ប.ព. តំណាងដ៏ខ្ពង់ខ្ពស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឡុង វិសាខា ឱម យ៉ិនទៀង បានបំពេញបុណ្យកុសល នៅវត្តនាគវ័ន ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
វិធីបុណ្យនេះ បង្ហាញពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការអង្គភាពប្រឆាំងអំពើពុករលួយ រួមទាំងលេខា ធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេវកម្ម និងក្រុមការងារ គ៧៨ ចុះមូលដ្ឋានខណ្ឌទួលគោក រួមទាំងពុទ្ធបរិស័ទជិតឆ្ងាយ រួមសាមគ្គីប្រារព្ធពិធីបុណ្យស្លសិតទៀនព្រះវស្សានេះឡើង តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ។
នៅព្រឹកថ្ងៃអាទិត្យទី៦ ខែកក្កដា ឆ្នាំ២០២៥ នឹងមានការធ្វើបទនមស្សការ សមាទានសីល វេរចង្ហាន់បិណ្ឌបាត្រ និងមានការនិមន្តព្រះសង្ឃ ៤២០ អង្គ គោចរបិណ្ឌបាត្រ ជាកិច្ចបញ្ចប់កម្មវិធីបុណ្យ។
សូមបញ្ជាក់ថា ក្នុងសង្គមខ្មែរ ព្រះសង្ឃតែងនិមន្ត «ចូលព្រះវស្សា» ឬ «គង់ចាំព្រះវស្សា» រយៈពេលបីខែ ដោយកំណត់ពីថ្ងៃ ១រោច ខែអាសាឍ (រវាងខែកក្កដា) ដល់ថ្ងៃ ១៥កើត ខែអស្សុជ (រវាងខែកញ្ញា)។ ទំនៀមនេះ បានជាប់ជាប្រពៃណីប្រតិបត្តិរៀងរហូតមក តែងទំនុកបម្រុងគ្រឿងសក្ការៈបូជាផ្សេងៗប្រគេន ព្រះសង្ឃដែលគង់ចាំព្រះវស្សា ដើម្បីបានអានិសង្សដល់ជាតិមុខ។ ក្នុងបណ្តាគ្រឿងសក្ការៈទាំងឡាយនោះ គេឃើញមាន «ទៀនវស្សា» ជាវត្ថុសំខាន់ដែលខ្មែរប្រតិបត្តិជាទំនៀមដល់សព្វថ្ងៃ។
ក្រៅពីរបស់ប្រើប្រាស់ និងម្ហូបអាហារ ប្រជាពលរដ្ឋខ្មែរក៏បានជាវទៀនវស្សាទៅប្រគេនព្រះសង្ឈផងដែរ ព្រោះមានជំនឿថា ពន្លឺទៀនជួយបំភ្លឺអនាគតជាតិអោយភ្លឺស្រស់បំព្រង និងមានសេចក្តីសុខចម្រើនដោយអំពើល្អ សេចក្តីល្អ ចិត្តសុចរិត ហើយត្រូវរក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់រយៈពេលបីខែ។ មួយវិញទៀតនេះជាការជួយដល់វត្តអារាមក្នុងការមានទៀនប្រើប្រាស់ដើម្បីដុតបំភ្លឺនៅពេលយប់ផងដែរ ៕