អត្ថបទ សៀង ឆេង អ្នកយកព័ត៌មាន «មតិអ្នក»
ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរជាតិនិយម បានជ្រៀតចូលក្នុងបេះដូងកូនខ្មែររូប មិនថាខ្មែរក្នុងស្រុក និងក្រៅស្រុក ក្នុងពេលប្រទេសជាតិមានសត្រូវឈ្លានពានទឹកដីខ្មែរ ។
ពលរដ្ឋខ្មែរនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក រួមគ្នាជាមួយបងប្អូនខ្មែរនៅក្នុងស្រុក នៅថ្ងៃអាទិត្យ ទី ១៣ ខែកក្កដា ឆ្នាំ ២០២៥ បានទៅសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លាថ្លាជូនវីរៈកងទ័ពនៅកងវរសេនាតូច ៤៤៦ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ដែលកំពុងឈរជើងយ៉ាងរឹងមាំ អង់អាចក្លាហាន ការពារបូរណភាពទឹកដីរបស់ខ្មែរ ក្រោមកិច្ចដឹកនាំដ៏ភ្លឺត្រចះត្រចង់ វាងវៃ ស្វាហាប់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។
ថ្វីត្បិតតែបងប្អូនខ្មែរនៅឯនាយសមុទ្រក៏ពិតមែន តែចិត្ត និងបេះដូងនៅនឹក និងស្រឡាញ់ទឹកដី ស្រឡាញ់ឈាមខ្មែរ និងមកដឹងគុណវីរកងទ័ពនៅជួរមុខជានិច្ច ។ អ្នកខាងក្រោយនឹកអ្នកខាងមុខ អ្នកខាងមុខការពារអ្នកខាងក្រោយ យើងមិនអាចឃ្លាតពីគ្នា ដូច្នេះហើយ ទើបក្រុមការងារមនុស្សធម៌នៅរដ្ឋកាលីហ្វ័រញ៉ា និងបងប្អូនខ្មែរក្នុងស្រុក បានមកជួបកងទ័ពនាពេលនេះ ដើម្បីសួរសុខទុក្ខគ្នា និងផ្តល់កម្លាំងចិត្តចំពោះវីរយុទ្ធមិត្តក្នុងភាពស្និទ្ធស្នាល និងស្រឡាញ់ពេញបេះដូង ។
ក្នុងឱកាសនេះដែរ ក្រុមការងារបានទៅចូលរួមរំលែកទុក្ខជាមួយគ្រួសារសពពលទាហាន សួន រោន និងសែនសោកស្តាយ អាលោះអាល័យ ដែលបានពលីជីវិតដោយសារទាហានសៀមលួចចូលមកបាញ់ប្រហារ ។
យើងយកឱកាសនេះ ដើម្បីឲ្យខ្មែរគ្រប់រូប កាន់តែមានសាមគ្គីគ្នាធ្លុងមួយ ប្រៀបដូចសរសៃឈាមដែលមិនអាចខ្វះបាន ៕