សម្តេចតេជោ ទម្លាយការណ៍សម្ងាត់របស់លោក ថាក់ស៊ីន ថាជាអ្នកលួចផ្តល់ព័ត៌មានមកសម្តេច អំពីគម្រោងថៃជួយកសាងផ្លូវមួយខ្សែនៅបណ្តោយព្រំដែនកម្ពុជា

នយោបាយថ្ងៃច័ន្ទុ ទី14 ខែកក្កដា ឆ្នាំ2025 ម៉ោង 4:01 នាទី ល្ងាច

 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានទម្លាយអាថ៌កំបាំងរបស់ លោក ថាក់ ស៊ីនថា ជាអ្នកលួចផ្តល់ព័ត៌មានសម្ងាត់មកសម្តេចអំពីគម្រោងថៃជួយកសាងផ្លូវមួយខ្សែនៅកម្ពុជាកាលពីអំឡុងឆ្នាំ២០១០ ក្នុងអាណត្តិលោក អាប់ភីស៊ីត វីចារជីវ៉ា ជានាយករដ្ឋមន្រ្តីថៃនាពេលនោះ។

សម្តេចតេជោមានប្រសាសន៍បែបនេះ ក្នុងសម័យប្រជុំព្រឹទ្ធសភាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ។ សម្តេចតេជោថា អាថ៌កំបាំងរបស់លោក ថាក់ស៊ីន មួយផ្នែកទៀត ដែលបានលួចផ្តល់ឯកសារសម្ងាត់មកសម្តេចកាលពីអំឡុងពេលលោក អាប់ភីស៊ីត វីចារជីវ៉ាជានាយករដ្ឋមន្រ្តីថៃនាឆ្នាំ២០១០ ពាក់ព័ន្ធនឹងការផ្តល់ជំនួយជាថវិការបស់ថៃមកកម្ពុជា លើការកសាងផ្លូវជាតិលេខ៦៨ នៅកម្ពុជាតាមបណ្តោយព្រំដែន ។ ប៉ុន្តែសម្តេចបានប្រកាសត្រឡប់ មិនទទួលយកលុយជាជំនួយក្នុងការកសាងផ្លូវនោះទេ ដោយសារបានទទួលព័ត៌មានថា លោក វិចារជីវ៉ា នឹងបង្កក់លុយដើម្បីពន្យារពេលក្នុងការកសាងផ្លូវនេះ ។

សម្តេចប្រធានព្រឹទ្ធសភា មានប្រសាសន៍ទៀតថា ចំពោះឯកសារសម្ងាត់នេះ បានទទួលពីលោក ថាក់ស៊ីន លួចបញ្ជូន មកឲ្យសម្តេច។ ជាមួយគ្នានេះ សម្តេចតេជោបានផ្ញើសារផ្តាំទៅលោក ថាក់ស៊ីនថា កុំព្រហើនកោងកាចដាក់សម្តេចឲ្យសោះ ព្រោះអាថ៌កំបាំងរបស់អតីតនាយករដ្ឋមន្រ្តីថៃរូបនេះ ស្ថិតនៅក្នុងកណ្តាប់ដៃរបស់សម្តេចច្រើនណាស់ ។ សំឡេង ថាក់ស៊ីន ឯងបញ្ជូនឯកសាររបស់ អាភីស៊ីត វិចារជីវ៉ា យកមកឲ្យខ្ញុំ ។ ថាក់ស៊ីន ឯងមានបទល្មើសទាក់ទងក្បត់ជាតិថៃខ្លួនឯង ។ ខ្ញុំមានឯកសារ ខ្ញុំអាចនិទាន ៣ទៅ៤ម៉ោង ប្រសិនបើចង់ ។ ខ្ញុំគ្រាន់តែចង់ដាស់តឿន ថាក់ស៊ីន នៅបាងកកទេ ខ្ញុំមិនទៅដាស់តឿនអ្នកណាគេទេ ប៉ុន្តែ ថាក់ស៊ីន កុំឈ្លើយជាមួយខ្ញុំឲ្យសោះ»។

សម្តេចតេជោមានប្រសាសន៍ទៅកាន់ លោក ថាក់ស៊ីន ទៀតថា លោកមានវាសនាបានចូលស្រុកថៃ និងតំបន់អាស៊ីអាគ្នេយ៍វិញ ដោយសារសម្តេចជាអ្នកជួយជ្រោមជ្រែងទេ ។ សម្តេចតេជោសង្ឃឹមថា សារក្រើនរំលឹកលោក ថាក់ស៊ីន នេះ នឹងផ្អើលនៅទូទាំងទីក្រុងបាងកកជាក់ជាមិនខានឡើយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម