សម្ដេចតេជោ ហ៊ុន សែន ជូនសារទៅថៃ «សូមកុំភ្លេចប្រវត្តិសាស្ដ្រ កុំបំភ្លៃប្រវត្តិសាស្ដ្រ អ្នកត្រូវគោរពកិច្ចព្រមព្រៀង បើមិនគោរពទេស្មើចោរ!»

នយោបាយថ្ងៃព្រហស្បត្តិ៍ ទី26 ខែមិថុនា ឆ្នាំ2025 ម៉ោង 7:47 នាទី ល្ងាច

ជុំវិញបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានថ្លែងសារដាស់តឿនទៅប្រទេសថៃ សូមកុំបំភាន់ កុំភ្លេចភ្លាំងប្រវត្តិសាស្ត្រ វង្វេងប្រវត្តិសាស្ត្រ ឫបំភ្លៃប្រវត្តិសាស្ត្រ ព្រោះប្រទេសថៃបានចុះកិច្ចព្រមព្រៀងជាមួយបារាំងរួចហើយ អមដោយផែនទីកាលពីឆ្នាំ១៩០៧ ហើយបើថៃមិនគោរពគឺស្មើនឹងចោរ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះនាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនចេញពីតំបន់ប្រឈម​នៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំសូមជូនសារទៅអ្នកឯង សូមកុំបំភាន់ ការភ្លេចភ្លាំងប្រវត្តិសាស្ត្រ វង្វេងប្រវត្តិសាស្ត្រ ឫបំភ្លៃប្រវត្តិសាស្ត្រអ្នកឯងធ្វើមិនបានទេ កិច្ចព្រមព្រៀង បារាំង-សៀម អមដោយផែនទី កាលពីឆ្នាំ១៩០៧ អ្នកឯងត្រូវតែគោរព បើអ្នកឯងមិនគោរពទេគឺស្មើនឹងចោរ យើងប្រើផែនទីត្រឹមត្រូវរបស់យើង តាមដោយច្បាប់អន្តរជាតិ អ្នកឯងចុះហត្ថលេខាជាមួយបារាំងនៅពេលនោះ អ្នកឯងត្រូវតែទទួលស្គាល់»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ដោយសារអ្នកឯង (ប្រទេសថៃ) មិនទទួលស្គាល់ផែនទី ដែលបានចុះកិច្ចព្រមព្រៀង បារាំង-សៀម អមដោយផែនទី កាលពីឆ្នាំ១៩០៧ នាពេលនោះ ហើយមកគូសផែនទី​ដោយខ្លួនឯងនេះ ទើបធ្វើឱ្យមានរឿងជម្លោះនេះបានកើតឡើង ដែលបានបង្កវិនាសកម្មសម្រាប់ប្រជាជនកម្ពុជា ដែលបានធ្វើឱ្យស្ត្រីមានផ្ទៃពោះ មនុស្សចាស់ ជនមានពិការភាព ត្រូវរត់ភៀសខ្លួនចេញ​ពីតំបន់មាន​ជម្លោះដូចនេះ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែម បញ្ហាជម្លោះដែលនាំឱ្យមានការជម្លៀសប្រជាជននេះ កម្ពុជាមិនចង់បាននោះទេ ហើយសម្តេចជឿជាក់ថា ប្រជាជនថៃក៏មិនចង់បានដូចគ្នាផងដែរ ក៏ប៉ុន្តែបែ​ជាមានជនល្មោភសង្គ្រាមមួយក្រុមតូច ដែលចង់ធ្វើឱ្យមានសង្គ្រាមនេះកើតឡើង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ជនល្មោភសង្គ្រាមដែលចង់ធ្វើឱ្យមានសង្គ្រាមនេះ កើតឡើងចេញជម្លោះនយោបាយនៅក្រុងបាំងកក ប្រទេសថៃ បានផ្ទេរជម្លោះមកកាន់ព្រំដែនកម្ពុជា-ថៃ មិនមែនកម្ពុជាល្ងង់​ដែលមិនដឹងរឿងនោះទេ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម