ក្តៅៗ ! អ្នកបង់រំលោះផ្ទះ ដី សម្តេចតេជោជួយហើយ ! សុំឲ្យម្ចាស់បុរីទាំងអស់យោគយល់ដល់អ្នកទិញបង់រំលោះ ឲ្យបញ្ឈប់ការរឹបអូស និង រៀបចំឥណទានជាថ្មី

ព័ត៌មានសង្គមថ្ងៃសុក្រ ទី09 ខែមិថុនា ឆ្នាំ2023 ម៉ោង 10:20 នាទី ព្រឹក

 

ដោយ សូរ្យសែង៖ 

សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអង្វរករសុំឱ្យម្ចាស់អចលនទ្រព្យទាំងអស់នៅកម្ពុជា មានការយោគយល់ដល់អ្នកដែលបានបង់រំលោះផ្ទះ ឬដីនៅតាមបុរី ដែលមិនមានលទ្ធភាពបង់រំលោះបន្តតាមរយៈការរៀបចំឥណទានឡើងវិញដោយបន្ថយចំនួនប្រាក់បង់ប្រចាំខែ និងរយៈពេលឆ្នាំនៃការបង់រំលោះ ។ សម្តេចបានស្នើឲ្យបញ្ឈប់ជាបន្ទាន់ការរឹបអូស ហើយអ្នកដែលបានរឹបអូសហើយ គួរពិចារណាសងទៅពួកគាត់វិញក្នុងចំនួនណាមួយដែលសមរម្យ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងឱកាសសំណេះសំណាលជាមួយកម្មករកម្មការិនីសរុបជិត២ម៉ឺននាក់មកពីរោងចក្រសហគ្រាសចំនួន ១១ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាចនិងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី៩ខែមិថុនា២០២៣ ។

សម្តេចតេជោបានអំពាវនាវម្ចាស់អចលនទ្រព្យទាំងអស់បញ្ឈប់សិន ហើយនិយាយគ្នាសិន កុំមានការរឹបអូសតទៅទៀតចាប់ពីថ្ងៃទទួលសាររបស់ខ្ញុំទៅ ហើយវិធីមានតែមួយទេ គឺរៀបចំលទ្ធភាពសង រៀបចំឥណទានជាថ្មី ដោយបន្ថយចំនួនប្រាក់បង់ប្រចាំខែ និងរយៈពេលឆ្នាំនៃការបង់រំលោះ។

សម្តេចបន្តថា បញ្ហាវាកើតឡើងដោយសារតែសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន និងជំងឺកូវីដ ដែលវាបានបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចពិភពលោក និងបានប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។ អ៊ីចឹងសូមមេត្តាយោគយល់បញ្ហានេះហើយទប់ស្កាត់បញ្ឈប់ភ្លាមនូវសកម្មភាពអូស ហើយរៀបចំឥណទានឡើងវិញ ។ អ្នកទិញក៏ត្រូវមានការទទួលខុសត្រូវក្នុងការបង់បន្ត ឯថៅកែបើបានរឹបអូសហើយនោះអាចពិនិត្យមើលថាតើអាចផ្ដល់លុយត្រឡប់ទៅឱ្យគាត់វិញខ្លះបានទេ ។

ជាមួយគ្នាសម្តេចបានស្នើឲ្យជំនួយការរបស់សម្ដេចដែលទទួលបន្ទុកការងារវិនិយោគ ពិនិត្យតាមដានបញ្ហានេះហើយធ្វើរបាយការណ៍មកសម្ដេចដើម្បីឲ្យដឹងព័ត៌មានជាក់លាក់ ថាតើមានមនុស្សប៉ុន្មាននាក់ដែលត្រូវបានគេរឹបអូសផ្ទះ ហើយបុរីណាខ្លះដែលបានរឹបអូសផ្ទះពីប្រជាពលរដ្ឋ និងបង់បានប៉ុន្មាន និងបានសងត្រឡប់ទៅវិញចំនួនប៉ុន្មាន ។

សម្តេចតេជោបានបន្តថា នេះជាផ្នែកមួយនៃយុត្តិធម៌សង្គមដែលសម្តេចត្រូវតែយកខ្លួនមកពាំង ព្រោះការរឹបអូសនោះវាឆាប់ពេក អ្នកខ្លះបង់បាន ៥ ម៉ឺនដុល្លារហើយ រឹបអូសធ្វើឲ្យប្រាក់ដែលគាត់ខំសន្សំដើម្បីបង់ផ្ទះនេះត្រូវបាត់បង់ទាំងស្រុង បង្កើតការឈឺចាប់សម្រាប់មនុស្សកាន់តែច្រើន ។

សម្តេចតេជោសង្ឃឹមថា ម្ចាស់បុរីទាំងឡាយនឹងរៀបចំឥណទានឡើងវិញ ព្រោះមិនមានអ្វីខាតទេ ហើយកន្លងទៅលោក អូនព័ន្ធ មុនីរ័ត្ន ក៏បានធ្វើការរៀបចំសម្រាប់សម្រួលដល់អ្នកវិនិយោគលើវិស័យអចលនទ្រព្យ ។ តើយើងគួរមានលក្ខខណ្ឌអនុគ្រោះនោះក៏គួរបានផ្ដល់សម្រាប់ម្ចាស់បុរីដែឬទេ ។

សម្តេចតេជោបានថ្លែងថាការគ្រប់គ្រងប្រទេសមួយគឺយើងត្រូវមើលអ្នកណាក៏ជាមនុស្សនៅក្នុងប្រទេសកម្ពុជាដែលយើងត្រូវមានការទទួលខុសត្រូវ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម