សេរីភាពលើបណ្តាញសង្គមត្រូវចប់! ម៉ាក្រុង អាចរឹតត្បិតបណ្តាញសង្គម ក្រោយមានចលាចលពេញប្រទេសបារាំង

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី06 ខែកក្កដា ឆ្នាំ2023 ម៉ោង 8:02 នាទី ល្ងាច

ដោយ សូរ្យសែង៖ 

ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម កាន់តែមានតួនាទីសំខាន់ទៅៗ នៅក្នុងយុគឌីជិថលនេះ ។ ម្នាក់ៗសុទ្ធតែយល់ដឹងថា បណ្តាញសង្គមអនឡាញ វាយប្រហារទាំងល្អ ទាំងអាក្រក់ ទាំងតំបន់ ទាំងពិភពលោក ។ បច្ចុប្បន្ន មេដឹកនាំណា ដែលមិនឆ្លៀតឆក់ឱកាសថ្ពក់យកប្រព័ន្ធផ្សពផ្សាយ និង បណ្តាញសង្គមឲ្យនៅត្បៀតក្លៀករបស់ខ្លួនទេ មេដឹកនាំនោះនឹងមានវិប្បដិសារៈនាថ្ងៃក្រោយពុំខាន ។

ងាកទៅមើលប្រទេសបារាំងឯណោះវិញ លោកប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា បាន​កោះហៅ​អភិបាល​ក្រុង ២៥០ នាក់ មកប្រាប់ថា រដ្ឋាភិបាលនឹងពិចារណាលើការគ្រប់គ្រងការប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅទូទាំងប្រទេស ។ គំនិតរបស់​លោក​បាន​កើត​ឡើង​បន្ទាប់​ពី​មានភាព​ចលាចល​ជាច្រើន​ថ្ងៃមកហើយ បណ្តាលមកពី ប៉ូលីសបាញ់សម្លាប់យុវជនអាហ្វ្រិកខាងជើងម្នាក់ នៅជាយក្រុងប៉ារីសនាសប្ដាហ៍​មុន ។

​បើ​យោង​តាម​កាសែត The Guardian ថ្មីៗនេះ អះអាង​តាម​វីដេអូ​នៃ​កិច្ច​ប្រជុំ​ដែល​បាន​ផ្សព្វផ្សាយ​តាម​ស្ថានីយ​ទូរទស្សន៍​បារាំង BFM TV ថា «នៅពេលដែលអ្វីៗចេញពីការគ្រប់គ្រងរបស់យើង យើង​ប្រហែល​ជា​ត្រូវដាក់របៀប​គ្រប់គ្រង​វា ឬ​កាត់​វាចេញ»។

លោក ម៉ាក្រុង បាននិយាយកាលពីសប្តាហ៍មុនថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម «ដើរតួនាទីយ៉ាងធំនៅក្នុងភាពចលាចលនៅទូទាំងប្រទេស»។ ចំណែក​មន្ត្រី​បារាំង​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បានប្រាប់សារព័ត៌មាន Associated Press នៅថ្ងៃសុក្រ ទី៣០ ខែមិថុនា ថា ព័ត៌មានផ្ទាល់ខ្លួនរបស់ប៉ូលីសដែលបានបាញ់សម្លាប់ក្មេងជំទង់អាយុ 17 ឆ្នាំ ត្រូវបានបែកធ្លាយដោយសារបណ្តាញសង្គម ។

ប្រធានាធិបតីបារាំង បានអំពាវនាវផងដែរនៅលើបណ្តាញសង្គមទាំងអស់ដើម្បីបង្ហាញ «ទំនួលខុសត្រូវ» ត្រូវតែសម្របសម្រួលមាតិកានៅលើវេទិការបស់ពួកគេ និងលុបប្រកាស ដែលអាចញុះញង់ឱ្យមានអំពើហិង្សា ។

ខុទ្ទកាល័យបានជួបជាមួយអ្នកតំណាង TikTok និង Snapchat កាលពីចុងខែមិថុនា ដោយរដ្ឋមន្ត្រីយុត្តិធម៌ បានស្នើសុំមានវិធានការផ្លូវច្បាប់ដើម្បីដាក់ទណ្ឌកម្មទៅលើអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលចូលរួមក្នុងអំពើខុសច្បាប់ទាំងអស់ ។

ទោះយ៉ាងណា អ្នករិះគន់បង្ហាញដល់ការផ្អាកប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយ នឹងតំណាងឱ្យការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ «កាត់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដូច ចិន អ៊ីរ៉ង់ កូរ៉េខាងជើង» Oliver Marlez មកពីគណបក្ស Les Republicains បាននិយាយ ៕

ប្រភព The Guardian / RTV


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម