ប្រធានាធិបតីអ៊ុយក្រែន ថ្កោលទោសការសូកប៉ាន់ទៅលើកំណែនយោធា

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី03 ខែកញ្ញា ឆ្នាំ2023 ម៉ោង 6:37 នាទី ល្ងាច

ដោយ សូរ្យសែង៖
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ សេលេនស្គី បានថ្កោលទោសចំពោះអ្វីដែលលោកហៅថាអំពើពុករលួយជាប្រព័ន្ធ នៅក្នុងគម្រោងការណ៍មួយដើម្បីស្នើសុំសិទ្ធិក្នុងការលើកលែងពីការចូលបម្រើយោធាសម្រាប់ហេតុផលសុខភាព ដោយមានការស៊ីសំណូកយ៉ាងទូលំទូលាយ និងការទទួលយកការសូកប៉ាន់នៅក្នុងប្រព័ន្ធយោធារបស់ប្រទេស ។

សេលេនស្គី បានបង្ហាញថា សំណូកពី 3,000 ដុល្លារ ទៅ 15,000 ដុល្លារត្រូវបានបង់នៅក្នុងការលើកលែងផ្នែកពេទ្យ ពីការកែនចូលបម្រើយោធា ។

ប្រធានាធិបតីរូបនេះបានប្រកាសថា ករណីទាំងអស់នៃការលើកលែងផ្នែកពេទ្យពីការកែនចូលបម្រើយោធា មានឡើងតាំងពីរុស្ស៊ីបានចាប់ផ្តើមធ្វើសង្រ្គាមនៅអ៊ុយក្រែន នឹងត្រូវបានស៊ើបអង្កេតដោយសារតែការរកឃើញគួរឱ្យសង្ស័យជាច្រើន ។

នៅក្នុងការប្រាស្រ័យតាមវីដេអូទៅកាន់ប្រជាជាតិកាលពីចុងខែសីហា លោក សេលេនស្គី បាននិយាយថា «វាចាំបាច់ដើម្បីពិនិត្យមើលការសម្រេចចិត្តផ្សេងៗ របស់គណៈកម្មការគ្រូពេទ្យយោធាមួយចំនួនធំ ចំពោះជន​ពិការ ​និង​បុគ្គលមិន​គ្រប់កាយសម្បទា​បម្រើ​ក្នុង​ជួរ​យោធា ដែលបានកើតឡើងបន្ទាប់ពីថ្ងៃទី ២៤ ខែកុម្ភៈ ២០២១។

នៅខេត្តខ្លះនៃអ៊ុយក្រែន គាត់សង្ស័យថា ពលរដ្ឋមួយចំនួនត្រូវបានដកចេញពីបញ្ជីយោធា ដោយសារតែការសម្រេចចិត្តរបស់គណៈកម្មការគ្រូពេទ្យបានកើនឡើង ១០ ដង ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី។ «វាច្បាស់ណាស់ថា ការសម្រេចចិត្តទាំងនេះ គឺជាការសម្រេចចិត្តដែលពុករលួយ» ។

លើស​ពី​នេះ លោក សេលេនស្គី ​បាន​លាតត្រដាង​ពី​បញ្ជី​ឈ្មោះ​ជន​ជាតិ​អ៊ុយក្រែន​ដែល​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស បន្ទាប់ពីការសម្រេចចិត្តគួរឱ្យសង្ស័យរបស់គណៈកម្មការគ្រូពេទ្យយោធា ។

ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីនៅឆ្នាំ ២០២១ បុរសជនជាតិអ៊ុយក្រែនទាំងអស់ដែលមានអាយុចន្លោះពី ១៨ ទៅ ៦០ឆ្នាំ ត្រូវបានចាត់ទុកថា មានសិទ្ធិចូលបម្រើយោធា ស្ថិតនៅក្រោមការរឹតបន្តឹងលើការធ្វើដំណើរទៅក្រៅប្រទេស ដោយសារតែសិទ្ធិត្រូវបានកោះហៅឱ្យចូលរួមក្នុងសង្គ្រាម ទោះយ៉ាងណាក៏ដោយមានករណីលើកលែងមួយចំនួនដែរ ។

កាលពីដើមខែមុន លោក សេលេនស្គី បានបណ្តេញប្រធានមជ្ឈមណ្ឌលជ្រើសរើសយោធាក្នុងតំបន់ របស់អ៊ុយក្រែន នៅក្នុងចលនាប្រឆាំងអំពើពុករលួយដ៏ធំមួយ ។

គាត់បាននិយាយនៅពេលនោះថា ការស៊ើបអង្កេតបានបង្ហាញពីការប្រព្រឹត្តខុសផ្សេងៗរបស់​មន្ត្រី​នៃ​មជ្ឈមណ្ឌល​សឹក​រង​យោធា ពីការស្វែងរកទ្រព្យសម្បត្តិមិនធម្មតា ចំពោះ​ករណី​និរទេស​ជន​ដែល​មាន​សិទ្ធិ​ទទួល​បាន​ការ​ចុះ​បញ្ជី​យោធា​ ដែលមានច្បាប់ហាមប្រាមមនុស្សដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់មិនឱ្យចាកចេញពីអ៊ុយក្រែន។

លោកប្រធានាធិបតី សេលេនស្គី បាននិយាយទៀតថា ការសម្រេចចិត្តត្រូវបានធ្វើឡើងដើម្បីតម្រូវឱ្យមនុស្សដែលដឹងពីអត្ថន័យនៃសង្គ្រាមដើម្បីគ្រប់គ្រងប្រព័ន្ធសឹករង ហើយ​ឲ្យ​ក្រុម​អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ​បាន​ដឹង​ថា ​ការ​សូកប៉ាន់​​ផ្សេងៗក្នុង​សម័យ​សង្គ្រាម ​ចាត់​ទុក​ថា​ជា​ការ​ក្បត់​ជាតិ ៕


ប្រភព Al Jazeera


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម