5 រឿងដែលមនុស្សមិនដឹងពីគ្រួសារមេដឹកនាំកូរ៉េខាងជើង

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី10 ខែមករា ឆ្នាំ2024 ម៉ោង 7:43 នាទី ល្ងាច

 

 

ពី bbc/Thai 

ដោយ សូរ្យរិទ្ធ៖

មកទល់នឹងពេលនេះ លោក គីម ជុង-អ៊ុន មេដឹកនាំកូរ៉េខាងជើង មានអាយុ ៤០ ឆ្នាំហើយ តើអាយុពិតឬអត់ ។ អ្វីដែលត្រូវបានគេជឿ គឺខួបកំណើតរបស់លោក គីម ជុងអ៊ុន នៅថ្ងៃទី 8 ខែមករា ប៉ុន្តែមានការយល់ស្របតិចតួចអំពីថ្ងៃខែឆ្នាំកំណើតពិតប្រាកដរបស់គាត់ ។ មាន​ចំណុច ៥ ដែល​ប្រិយមិត្តមិន​ទាន់ដឹង​អំពី​មេដឹកនាំ​កំពូល​របស់​កូរ៉េខាងជើង ដែលឡើងកាន់អំណាចពីឆ្នាំ ២០១១ ។

 

១. គីម ជុង-អ៊ុន កើតថ្ងៃខែឆ្នាំណា?

គេទាំងឡាយមិនទាន់ដឹងពិតប្រាកដទេ ។ «មានការជជែកគ្នាច្រើនអំពីឆ្នាំកំណើតរបស់គាត់ តើឆ្នាំ 1982, 1983 ឬ 1984» នេះជាការឲ្យដឹងរបស់លោក ហាដវើដ ហាវេល (Haward Hawell) សាស្ត្រាចារ្យនយោបាយ ជាអ្នកជំនាញខាងកូរ៉េខាងជើង បានប្រាប់ BBC ។

ថ្ងៃកំណើតរបស់ គីម ដែលគេជឿថា ថ្ងៃទី ៨ មករា ជាថ្ងៃធ្វើការធម្មតារបស់ប្រទេសកុម្មុយនិស្តមួយនេះ ចំណែកថ្ងៃខែកំណើតរបស់បិតាគាត់ គីម ជុង-អ៊ីល គឺនៅថ្ងៃទី ១៦ កុម្ភៈ ដែលតែងប្រារព្ធក្នុងថ្ងៃដែលគេហៅថា «ទិវានៃដួងពន្លឺចែងចាំង (Day of the Shining Star)» ។

ចំណែក​ថ្ងៃ​ទី​១៥ ខែ​មេសា ជា​ថ្ងៃ​កំណើត​លោក គីម អ៊ីល-ស៊ុង ជីតា​របស់​លោក គីម ជុងអ៊ុន ដែល​ជា​អ្នក​បង្កើត​ប្រទេស​កូរ៉េខាង​ជើង ត្រូវបានកំណត់ថាជា «ថ្ងៃនៃព្រះអាទិត្យ (Day of the Sun)» ។

លោកបណ្ឌិត Hawell បាននិយាយទៀតថា អ្វីដែលយើងដឹង គឺលោក គីម ជុងអ៊ុន មានបងប្រុសម្តាយទីទៃ និង ដែលមានឈ្មោះថា គីម ជុងណាម ប៉ុន្តែគាត់ត្រូវបានគេធ្វើឃាតនៅប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ 2017 ។

គេនិយាយថា ឪពុករបស់ គីម ជុងអ៊ុន គឺលោក គីម ជុងអ៊ីល មានសហាយយ៉ាងហោចណាស់បួននាក់ ប៉ុន្តែទំនាក់ទំនងរបស់គាត់ជាមួយស្ត្រីទាំងនោះ ត្រូវបានលាក់បាំងពីសាធារណជន ។

ចំពោះព័ត៌មានអំពីលោកស្រី កូ យ៉ុងហ៊ុយ ម្តាយរបស់លោក គីម ជុង-អ៊ុន ត្រូវបានគេជឿថា កើតនៅក្នុងប្រទេសជប៉ុន មុនពេលផ្លាស់មកប្រទេសកូរ៉េខាងជើងក្នុងទសវត្សរ៍ឆ្នាំ 1960 ដើម្បីបន្តអាជីពជាអ្នករាំ ។ អ្នកស្រីជា​ភរិយា​សំណព្វ​ចិត្ត​របស់​លោក​ គីម ជុងអ៊ីល​ ផងដែរ ។

ព័ត៌មានតិចតួចអំពីម្តាយរបស់លោក គីម ជុងអ៊ុន បានលេចចេញនៅឆ្នាំ ២០១៨ នៅពេលដែលរូបថតរបស់គាត់ត្រូវបានរកឃើញក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសជប៉ុនក្នុងឆ្នាំ ១៩៧៣ ។

ទីភ្នាក់ងារសារព័ត៌មាន Korea Times បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងកម្របញ្ចេញព័ត៌មានអំពីភរិយា​របស់មេដឹកនាំជាសាធារណៈណាស់។ ដោយសារតែអាជីពជាអ្នករាំ និងប្រវត្តិគ្រួសារមកពីប្រទេសជប៉ុន

(កើតនៅប្រទេសជប៉ុន ដែលធ្លាប់ជាប្រទេសដែលកាន់កាប់ឧបទ្វីបកូរ៉េក្នុងកំឡុងសង្គ្រាមលោកលើកទី២ ដែលបណ្តាលឱ្យគាត់ធ្លាក់ក្នុងឋានៈសង្គម ប៉ុន្តែ​ដោយសារគាត់​រៀបការ​ជាមួយ​លោក គីម ជុង-អ៊ីល អ្នកស្រី​អាច​មាន​របៀប​រស់នៅ​ដ៏​ប្រណីត​»​។

 

២. ជំទាវធំរបស់ គីម ជុង-អ៊ីល

វាជាបញ្ហាមួយទៀតដែលយើងមិនប្រាកដ។ យើងដឹងថា ជំទាវធំរបស់លោក គីម ជុងអ៊ុន គឺ រី សូលជូ ប៉ុន្តែយើងមិនដឹងច្បាស់ថា គូស្នេហ៍ទាំងពីរបានរៀបការនៅពេលណានោះទេ គេរំពឹងថានឹងកើតឡើងនៅឆ្នាំ ២០០៩។ គួរ​រំលឹក​ដែរ​ថា នាង​ជា​អតីត​តារា​ចម្រៀង​ដែល​ចាប់​ភ្នែក​លោក គីម ជុងអ៊ុន ពេល​នាង​សម្តែង ។

ចម្លើយអំពីរឿងនេះ ធ្លាប់​លេច​ឮ​ថា ​មាន​ឈ្មោះ​តារា​កូរ៉េ​ខាង​ជើង​ម្នាក់​ដែល​មាន​ឈ្មោះ​ដូច​គ្នា ប៉ុន្តែ​គេ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​ថា ​តើ​នាង​ជា​មនុស្ស​ដូច​គ្នា​ឬ​អត់​នោះ​ទេ!

សមាជិកសភាម្នាក់បាន​លើក​ឡើង​ពី​ការ​ស៊ើប​អង្កេត ។ ពួកគេ​បាន​​ជឿ​ថា រី សូលជូ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្នុង​ឆ្នាំ 2005 ជា​ផ្នែក​មួយ​នៃ​ក្រុម​កីឡាករ​កូរ៉េ​ខាង​ជើង​ ក្នុង​ការ​ប្រកួត​កីឡា​អត្តពលកម្ម​ជើងឯក​អាស៊ី ហើយសមមិត្តនារីនៅសិក្សាច្រៀងនៅប្រទេសចិនផងដែរ ។

 

៣. មិនដឹងថាគាត់មានកូនប៉ុន្មាននាក់

ព័ត៌មានលម្អិតផ្សេងទៀតអំពីគ្រួសារលោក គីម ជុងអ៊ុន នៅតែពិបាកក្នុងការស្វែងរក។ មានការប៉ាន់ស្មានថា ជំទាវធំ រី សូលជូ មានផ្ទៃពោះក្នុងឆ្នាំ 2016 បន្ទាប់ពីមិនបានបង្ហាញមុខជាសាធារណៈមួយរយៈ។

លើសពីនេះ គេជឿថា កូនពីរនាក់របស់ គីម ជុងអ៊ុន កើតក្នុងឆ្នាំ ២០១០ និង ២០១៣ ប៉ុន្តែមិនទាន់មានព័ត៌មានថា មានកូនប្រុសឬអត់ ដូច្នេះគេមិនអាចដឹងច្បាស់នោះទេ។ តើអ្នកណានឹងស្នងតំណែងគាត់នាពេលអនាគត? តិចតួចបំផុតត្រូវបានគេដឹងអំពីវិសាលភាពពេញលេញនៃកូនរបស់ គីម ជុងអ៊ុន ។

លោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាមួយនាងតូច គីម ជូ-អេ ដែលត្រូវបានគេជឿថាជាកូនទីពីររបស់គាត់។ នាង​ត្រូវ​បាន​គេ​គិត​ថា ​មាន​អាយុ​ប្រហែលជាង ​១០​ឆ្នាំ ហើយ​នេះ​ជា​កូន​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ច្រើន​ជាង​គេ ដោយនាង​បាន​បង្ហាញ​ខ្លួន​យ៉ាង​ហោច​ណាស់ក្នុង​ពិធី​សំខាន់​ចំនួន​ប្រាំ​ក្នុង​ឆ្នាំ 2023 ។

លោកវេជ្ជបណ្ឌិត Hawell បានពន្យល់ថា «យើងនៅតែមិនដឹងរឿងពេញលេញអំពីកូនរបស់គាត់» ដោយកត់សម្គាល់ថា ស្គាល់ឈ្មោះកូនស្រីដោយសារតែអ្នកលេងបាល់បោះជនជាតិអាមេរិក Dennis Rodman ជាភឿនរបស់លោក គីម ជុងអ៊ុន បានផ្តល់បទសម្ភាសន៍ដោយចៃដន្យដល់កាសែតអង់គ្លេស The Guardian ក្នុងឆ្នាំ 2013 ហើយបានរៀបរាប់ឈ្មោះ គីម ជូអេ អំឡុងពេលសម្ភាសន៍។

«គាត់ក៏មានកូនផ្សេងទៀតដែរ ប៉ុន្តែយើងដឹងតិចតួចណាស់អំពីពួកគេ។ យើង​មិន​ទាំង​ដឹង​ពី​អត្តសញ្ញាណ​ម្តាយ​របស់​ពួក​គេ​ទេ»។

ការ​យល់​ឃើញ​របស់​អ្នក​វិភាគ​ជា​ច្រើន រួមទាំងសេវាចារកម្មកូរ៉េខាងត្បូងផងដែរ នាង គីម ជូអេ ត្រូវបានចាត់ទុកថាជាអ្នកស្នងមរតកមេដឹកនាំបន្ទាប់របស់ប្រទេសកូរ៉េខាងជើង ប៉ុន្តែលោកបណ្ឌិត Hawell មិនជឿដូច្នេះទេ ។

អ្នក​សិក្សា​នៅ​ Oxford ពិចារណា​លើ​រឿង​នេះ ដោយសារ​នាង​នៅ​ក្មេង ហើយ​អ្នកស្រី គីម យ៉ូ-ចុង ជា​ប្អូនស្រី​របស់​លោក គីម ជុងអ៊ុន មាន​បទពិសោធន៍​ច្រើន​ជាង។ នាងក៏មានទំនាក់ទំនងល្អជាងក្នុងចំណោមពួកឥស្សរជនផងដែរ នេះ​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​គូ​ប្រជែង​ដែល​អាច​ស្នង​តំណែង​បង​ប្រុស​របស់​នាង ។

«មេដឹកនាំកូរ៉េខាងជើងតែងតែបង្ហាញមុខនៅក្នុងប្រព័ន្ធផ្សព្វផ្សាយជាមួយប្អូនស្រីរបស់គាត់ ក្នុងអំឡុងពេលបាញ់មីស៊ីល ពិធីជប់លៀង ឬការប្រកួតបាល់ទាត់ ព្រោះចង់បង្ហាញថា គីម ​ជា​បុរស​​ដែល​ស្រឡាញ់​គ្រួសារ​គាត់»។

 

៤.តើគាត់រស់នៅដោយរបៀបណា ខណៈ​ដែល​ប្រទេស​នេះ​ក្រីក្រ​ខ្លាំង?

កូរ៉េខាងជើង និងមេដឹកនាំរបស់ខ្លួន បានប្រឈមមុខនឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីអង្គការសហប្រជាជាតិ និងបណ្តាប្រទេសលោកខាងលិចអស់រយៈពេលជាច្រើនឆ្នាំ ដោយសារតែគម្រោងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយ ប៉ុន្តែទោះបីជាមានការដាក់ទណ្ឌកម្មក៏ដោយ លោកបណ្ឌិត Hawell បាននិយាយថា លោក គីម ជុងអ៊ុន បានធ្វើអ្វីគ្រប់យ៉ាងដែលលោកអាចធ្វើបាន ដើម្បីជៀសវាងការដាក់ទណ្ឌកម្ម ។

«កូរ៉េខាងជើង មានមូលនិធិសម្រាប់សូកប៉ាន់មន្ត្រី ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ការចំណាយរបប ព្រោះ​លោក គីម ចង់​បង្កើន​ប្រាក់​នេះ ដើម្បី​ឲ្យ​គាត់ និង​ក្រុម​គ្រួសារ​អាច​បន្ត​រស់​នៅ​ដ៏​ប្រណីត»។

លោកបណ្ឌិត Hawell ជឿថា មានបណ្តាញនៃបណ្តាប្រទេសជុំវិញពិភពលោកដែលមានឆន្ទៈចង់ផ្តល់ថវិកាដល់កូរ៉េខាងជើង ហើយមានការចោទប្រកាន់ថា លុយកាន់តែច្រើនអាចមកពីមូលនិធិដែលបង្កើតឡើងដោយមធ្យោបាយផ្សេងទៀត។

«មនុស្សតែងតែគិតថា កូរ៉េខាងជើងជាប្រទេសឯកោមួយដែលគ្មានអ៊ីនធឺណិត ប៉ុន្តែតាមពិតមានអ៊ីនធឺណេតគ្រប់គ្រងដោយរដ្ឋ ហើយ​សង្គ្រាម​អ៊ីនធឺណិត​បាន​ក្លាយ​ជា​យុទ្ធសាស្ត្រ​សំខាន់​មួយ​របស់​របប ​គីម ។ ការលួចចូលប្រព័ន្ធកុំព្យូទ័ររបស់ប្រទេសផ្សេងៗ និងការលួចយកមូលនិធិដើម្បីផ្តល់មូលនិធិដល់សេដ្ឋកិច្ច និងគម្រោងអភិវឌ្ឍន៍នុយក្លេអ៊ែររបស់ពួកគេ»។

 

៥.តើលោក គីម ជុងអ៊ុន ខ្វល់ពីប្រជាជនទេ?

សុន្ទរកថារបស់លោក គីម ជុងអ៊ុន ក្នុងឆ្នាំ ២០២០ បានបង្ហាញពីផ្នែកមួយទៀតនៃមេដឹកនាំកំពូល។​ លោក​បាន​ថ្លែង​អំណរគុណ​ចំពោះ​កងពលតូច​យោធា​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ពេល​មាន​ជំងឺ​រាតត្បាត រួមទាំងការដោះស្រាយគ្រោះមហន្តរាយធម្មជាតិ។ នៅពេលមួយ គាត់បានជូតទឹកភ្នែកក្នុងពេលនិយាយអំពីភាពលំបាករបស់ប្រទេស នេះគឺជាការបង្ហាញអារម្មណ៍ដ៏កម្រមួយពីមេដឹកនាំកូរ៉េខាងជើង ។

អ្នកសង្កេតការណ៍ខ្លះនិយាយថា លោក គីម ជុងអ៊ុន ប្រហែលជាកំពុងព្យាយាមធ្វើជាសុភាពរាបសារ នៅពេលដែលប្រទេសនេះជួបវិបត្តិសេដ្ឋកិច្ច។ លោក គីម ជុងអ៊ុន បន្ត​វិធី​ចាស់ និង​ប្រពៃណី​នៃ​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​តាម​រថភ្លើង​ដ៏ប្រណីត នេះ​ជា​ទំនៀម​ទម្លាប់​ដែល​បាន​បន្ត​តាំង​ពី​ជំនាន់​ជីតា​របស់​លោក គឺ​លោក គីម អ៊ីលស៊ុង។

មេបញ្ជាការយោធារុស្ស៊ី ដែលបានធ្វើដំណើរតាមរថភ្លើងជាមួយលោក គីម ជុងអ៊ីល ដែលជាឪពុករបស់លោក គីម ជុងអ៊ុន ក្នុងឆ្នាំ ២០០១ ធ្លាប់បាននិយាយអំពីទ្រព្យសម្បត្តិរបស់គាត់ ខណៈរំលឹកអនុស្សាវរីយ៍របស់គាត់នៅលើរថភ្លើង Orient Express ថា៖ «​វា​មិន​មាន​បញ្ហា​ទេ​ដែល​អ្នក​បញ្ជា​ទិញ​ម្ហូប​ពី​ប្រទេស​ណា​ មិន​ថា ​រុស្ស៊ី ចិន កូរ៉េ​ខាង​ត្បូង ជប៉ុន ឬ​បារាំង​ទេ អាច​ធ្វើ​ទៅ​បាន​ទាំងអស់​»​។ បង្កងស្រស់ និងស្រាពី Bordeaux និងស្រា Burgundy ត្រូវបានបញ្ជូនដោយផ្ទាល់ពីប៉ារីស ។

មិនថារថភ្លើងថ្នាក់ខ្ពស់ ឬយានជំនិះប្រណីតផ្សេងទៀត ដូចជាយន្តហោះឯកជនជាដើម វា​ផ្ទុយ​ស្រឡះ​ពី​ជីវភាព​ក្រីក្រ​របស់​ពលរដ្ឋ​កូរ៉េខាងជើង។

ជនជាតិកូរ៉េខាងជើងបានប្រាប់ BBC យ៉ាងដូច្នេះថា ស្បៀង​អាហារ​ខ្វះខាត​ខ្លាំង​ណាស់​ដែល​អ្នក​ជិត​ខាង​របស់​គាត់​ឃ្លាន​រហូត​ដល់​ស្លាប់។ ខណៈ​អ្នក​ជំនាញ​បញ្ជាក់​ថា ស្ថានភាពគឺអាក្រក់បំផុតចាប់តាំងពីទសវត្សរ៍ឆ្នាំ 1990 ។

 

តើ​នេះ​និយាយ​យ៉ាង​ណា​អំពី​អាទិភាព​របស់​លោក ​គីម ជុងអ៊ុន?

«គាត់មិនគ្រាន់តែចង់ការពាររបបរបស់គាត់ទេ ប៉ុន្តែ​វា​ក៏​រួម​បញ្ចូល​ទាំង​ការ​ដឹកនាំ​ និង​ការ​គ្រប់គ្រង​បែប​ផ្តាច់ការ​ផង​ដែរ។ លោកវេជ្ជបណ្ឌិត Hawell បាននិយាយថា គាត់ហាក់ដូចជាមិនយកចិត្តទុកដាក់ចំពោះប្រជាជន 26 លាននាក់នៅក្នុងប្រទេសរបស់គាត់ទេ។

«​តើ​គាត់​គិត​ថា​នេះ​ជា​យុទ្ធសាស្ត្រ​ដែល​អាច​ឲ្យ​គាត់​បន្ត​ឬ​អត់?»


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម