ប្រធានបក្សនយោបាយស្រីលង្កា និងសហការី ត្រូវលបបាញ់ប្រហារក្នុងរថយន្ត

ព័ត៌មានសង្គមថ្ងៃពុធ ទី24 ខែមករា ឆ្នាំ2024 ម៉ោង 6:59 នាទី ល្ងាច

 

ដោយ សូរ្យសែង៖

AFP ចេញផ្សាយថា មេដឹកនាំគណបក្សនយោបាយស្រីលង្កាមួយ ត្រូវជនល្មើសលបបាញ់ប្រហារកាលពីថ្ងៃទី ២២ មករា នៅក្នុងរថយន្ត រហូតបាត់បង់ជីវិត ៥ នាក់ ក្នុងនេះមានប្រធាន«គណបក្សកម្លាំងប្រជាជនរបស់យើង» គឺលោក សាម៉ាន ប៉េរេរ៉ា (Pereira) ដែលប៉ូលិសកំពុងបើកការស៊ើអង្កេត ។ លោក ប៉េរេរ៉ា ត្រូវបានបាញ់សម្លាប់នៅក្នុងទីក្រុង បេលីយ៉ាតា រួមទាំងសហការី ៤ ​នាក់របស់​គាត់​នៅ​ក្នុង​ឡាន​ចត​នៅ​មុខ​ភោជនីយដ្ឋាន​តាម​ផ្លូវ ហើយ​ខ្មាន់កាំភ្លើង​ដែល​ជិះ​រថយន្ត​ភី​ក​អាប់​បានបាញ់ប្រហារ​មុនពេល​រត់គេចខ្លួន​ ។

គណបក្សរបស់លោក ប៉េរេរ៉ា ទទួលបានអាសនៈនៅក្នុងសភាដែលមានសមាជិកចំនួន 225 របស់ប្រទេសស្រីលង្កា ទោះបីជាជាគណបក្សតូចមួយក៏ដោយ។ ប៉ូលីសបានផ្តោតលើជម្លោះរវាងលោក ប៉េរេរ៉ា និងថៅកែឧក្រិដ្ឋកម្មក្នុងស្រុក ។

ហេតុការណ៍ដ៏សាហាវនេះបានកើតឡើងនៅពេលដែលប៉ូលីស និងទាហានបានចូលរួមកម្លាំងក្នុងប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មទូទាំងប្រទេស។ ជា​លទ្ធផល​មនុស្ស​ជាង ៤៤.០០០ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ការ​បង្រ្កាប​ដ៏​ធំ។​​ ប៉ូលីសបាននិយាយថា ប្រតិបត្តិការនេះហៅថា «Yuktiya» ភាសាស៊ិងហុល ប្រែថា «យុត្តិធម៌» បានបណ្តាលឱ្យមានការថយចុះយ៉ាងខ្លាំងនៃឧក្រិដ្ឋកម្មក្នុងរយៈពេលថ្មីៗនេះ។

ទោះយ៉ាងណាក៏ដោយ លោក វ៉ុលកឺ ទួក ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ រិះគន់ប្រតិបត្តិការរបស់ប៉ូលីសស្រីលង្កា ថាមានការរំលោភសិទ្ធិមនុស្សជាច្រើន រួមទាំងការចាប់ខ្លួនតាមអំពើចិត្ត ការធ្វើទារុណកម្ម និងការស្វែងរកដោយគ្មានដីកា ។

ប៉ុន្តែលោក ទីរ៉ាន អាល់ឡេស រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងកូឡុំបូថា លោក​មិន​យល់​ស្រប​នឹង​ការ​រិះគន់​បែប​នេះ​ទេ ហើយ​នៅ​តែ​ជឿ​ថា ​វិធានការ​គាប​សង្កត់​នេះ​មាន​ប្រយោជន៍​បំផុត​សម្រាប់​ប្រទេស ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម