កម្មវិធី «កុមាររីករាយ» ផ្តល់នូវស្នាមញញឹម និងការចងចាំ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី04 ខែមេសា ឆ្នាំ2024 ម៉ោង 7:46 នាទី ព្រឹក

កម្មវិធី«កុមាររីករាយ (Happy Children's)»ប្រតិបត្តិដោយក្រុមការងាររបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌទួលគោក ក្រោម អធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយ បានផ្តោតសំខាន់ទៅលើការអប់រំ ការអភិវឌ្ឍគំរូនៃកម្មវិធីសាលា គុណភាពអប់រំ និងបំណិនជីវិតរបស់កុមារ ដែលមានសមាជិកចម្រុះចូលរួមប្រមាណ ៤៥០ នាក់ នៅថ្ងៃពុធ ទី ៣ ខែមេសានេះ ក្នុងបរិវេណសាលាបឋមសិក្សាមិត្តភាព ក្នុងទឹកដីសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

កម្មវិធីកុមាររីករាយ ជាសក្ខីភាពឆ្លុះបញ្ចាំងនូវជីវិតកុមារ ផ្តល់ភាពកក់ក្តៅ ភាពក្លាហាន ភាពសប្បាយៗ អំណោយជូនកុមារ តាមរយៈការប្រឹងប្រែងសិក្សាយកលេខល្អ ដើម្បីបានទទួលរូបថតជាមួយមាតាបិតា អាណាព្យាបាល បិទក្នុងបញ្ជរក្តារខៀនកិត្តិយសដ៏ល្អប្រណីត ដែលសង់ដោយក្រុមការងារគណៈមេធាវី ទុកជាការចងចាំរបស់កុមារដែលរៀនពូកែប្រចាំខែ ពីលេខ ១ ដល់លេខ ៥ ។

ក្នុងកម្មវិធីនេះ ក៏មានការប្រកួតយកពានរង្វាន់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មានដូចជា ប្រកួតសរសេរតាមអានចំនួន ២០ ពាក្យ ប្រកួតគណិតវិទ្យាចំនួន ១០ លំហាត់ ប្រកួតអានអត្ថបទជាភាសាអង់គ្លេសចំនួន ១០ ឃ្លា ប្រកួតដាំបាយ ចៀនស៊ុតជ័រព្នៅ និងស៊ុតក្រឡុក ៨ រសជាតិ ។

សម្រាប់ការប្រកួតយកពានរង្វាន់ឯកឧត្តម លី ច័ន្ទតុលា មានដូចជា លោតបាវ ពាំជញ្ជូនក្រូចឆ្មាចំនួន ៨ គ្រាប់ដោយស្លាបព្រាខ្លី បិទភ្នែកចាក់ទឹកឲ្យបានមួយដបកូកាពេញ និង ជញ្ជូនកងចំនួន ៨ ។ 

អ្វីៗទាំងអស់នេះ សុទ្ធតែជាការបង្រៀនឲ្យកុមារមានបំណិនជីវិត ពីមាតាបិតាផង ពីលោកគ្រូអ្នកគ្រូផង និងបង្កឲ្យកុមារមានភាពក្លាហាន ចេះធ្វើអនាម័យ បរិស្ថាន និង ឲ្យកុមារចងចាំ ៣ ឃ្លា គឺ៖ «ខ្ញុំមិនខ្ជិលដាច់ខាត» និង «ធ្វើអ្វីធ្វើឲ្យល្អបំផុត», «ខ្ញុំត្រូវតែឧស្សាហ៍ព្យាយាម»។

ក្រុមការងាររបស់គណៈមេធាវី និងក្រុមការងារសាម៉ីមូលដ្ឋាន ដែលមានឯកឧត្តម សុត ធា អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ផ្សារដើមគរ និងអាជ្ញាធរខណ្ឌ អាជ្ញាធរសង្កាត់ផ្សារដើមគរ និងនាយិកាសាលាបឋមសិក្សាមិត្តភាព មិនត្រឹមតែសហការបរៀបចំឲ្យមានភាពសប្បាយដល់កុមារប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវភាពសប្បាយរីករាយ និងជូនអំណោយលើកទឹកចិត្ត ដល់លោកគ្រូ អ្នកគ្រូ ទាំង ១៨ រូប និងសិស្ស ៣៥១ នាក់ ។

មិនមែនទើបតែថ្ងៃនេះទេដែលក្រុមការងារបានរៀបចំធ្វើ គឺបានដំណើរការចូលរួមក្នុងវិស័យអបរ់ំ និងមនុស្សធម៌ ដែលធ្លាប់បានរៀបចំកម្មវិធី «ចង្ក្រានសប្បុរស» ២៣ លើកមកហើយ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ ក្នុងនេះបានធ្វើឡើងនៅក្នុងទឹកដីខណ្ឌទួលគោក និងមូលដ្ឋានផ្សេងៗទៀត ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជួយដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតបាន ៩.១៩០ គ្រួសារផងដែរ ។

ទាំងកម្មវិធី «ចង្ក្រានសប្បុរស» និង ទាំងកម្មវិធី «កុមារីករាយ» ក្រុមការងារ មិនដែលប្រើភាសានយោបាយទៅលើកុមារណាម្នាក់ឡើយ គឺធ្វើឡើងដោយក្តីមេត្តាអាណិត និងស្រឡាញ់កុមារ ដើម្បីអនាគតដ៏ល្អរបស់ពួកគាត់ ។ នៅលើវិស័យអប់រំនេះដែរ ក្រុមការងារកំពុងផ្តោតបន្ថែមទៅលើគម្រោងថ្មីមួយទៀត គឺ«សាលារៀនខ្ញុំ សាលាគំរូ» ។

យើងនៅចាំប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា «ការវិនិយោគលើកុមារ សំដៅដល់ការអប់រំសម្រាប់កុមារ មានសារសំខាន់ និងចាំបាច់ណាស់សម្រាប់កម្ពុជា ក្នុងការឈានទៅសម្រេចផែនការអភិវឌ្ឍដោយចីរភាព ដើម្បីបានធនធានសម្រាប់សង្គមជាតិ ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានកោតសរសើរចំពោះ ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយលោកជំទាវ ឈីវ ភិរម្យ ស្ថាបនិកនៃកម្មវិធី «កុមាររីករាយ» ដែលបានដឹកនាំក្រុមការងារជាមេធាវី រួមជាមួយក្រុមការងារផ្សេងៗ ចូលរួមជួយដល់កុមារទៅលើវិស័យអបរំ និងមនុស្សធម៌ និងផ្តល់នូវភាពសប្បាយជូនកុមារ និងមាតា អាណាព្យាបាល ផងដែរ។

កម្មវិធីមហាសប្បាយមុនប្រារព្ធពិធីបុណ្យចូលឆ្នាំ ដ៏មានអត្ថន័យនាថ្ងៃនេះ ក៏មានប្រគល់ប័ណ្ណសរសើរពី ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជូនឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ការប្រគល់វត្ថុអនុស្សាវរីយជូនលោកគ្រូ អ្នកគ្រូ សិស្សប្រកួតបានលេខ ១ ដល់លេខ ៣ និងការប្រគល់ពានរង្វាន់របស់ឯកឧត្តម លី ច័ន្ទតុលា ដល់សិស្សសាលាបឋមសិក្សាមិត្តភាព និងចុងបញ្ចប់ ឯកឧត្តម ទេសរដ្ឋមន្ត្រី កាត់ខ្សែបូ «ក្តារខៀនកិត្តិយស ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ» ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម