ជនជាតិស្វីសសរសើរព្រលានយន្តហោះខេត្តសៀមរាប (មានវីដេអូ)

ព័ត៌មានសង្គមថ្ងៃសុក្រ ទី26 ខែមេសា ឆ្នាំ2024 ម៉ោង 7:09 នាទី ល្ងាច

 

អត្ថបទ ម៉ារ៉ា៖

ក្រុមសារព័ត៌មាន «មតិអ្នក» បានជួបពួកគាត់ដោយចៃដន្យ នៅប្រាសាទតាសោម នៃទឹកដីខេត្តសៀមរាប កាលពីកំលុងចូលឆ្នាំប្រពៃណីខ្មែរ ។ អ្នកទាំង ៣ នាក់ជានិស្សិតជនជាតិស្វីស (Switzerland)  មកពីទីក្រុងបាសែល (Basel) បានធ្វើដំណើរជាភ្ញៀវទេសចរណ៍កមកកាន់ទឹកដីខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូង ដោយជើងហោះហើរពីទីក្រុងបាងកក មកកាន់ព្រលានថ្មីនៃខេត្តសៀមរាប ។

អ្វីដែលធ្វើឲ្យពួកគាត់ភ្ញាក់ផ្អើល គឺអាកាសយានដ្ឋានដ៏ថ្មីសន្លាង ដែលទើបដំណើរការហោះហើរនាពេលថ្មីៗនេះ ។ និស្សិតទាំង ៣ នាក់នោះ ១. តូប៊ីយ៉ាស (Tobias) អាយុ ២៣ ឆ្នាំ រៀនផ្នែកទីផ្សារ (Marketing) ២. អែនដី (Andy) អាយុ ២១ ឆ្នាំ រៀនផ្នែកដឹកជញ្ជូន Logistic និង សេបាស្ទៀន (Sebastian) អាយុ ២៣ ឆ្នាំ ជានិស្សិតពេទ្យ ។

«ព្រលានយន្តហោះរបស់អ្នកស្អាតខ្លាំងណាស់ ! នៅពេលចុះពីលើយន្តហោះភ្លាម ខ្ញុំឃើញទិដ្ឋភាពមនុស្សច្រើន ស្អាត មានសណ្តាប់ធ្នាប់ និងអនាម័យល្អណាស់ ខ្ញុំប្លែកអារម្មណ៍ មើលទៅដូចប្រទេសជឿនលឿនដទៃ ងាយស្រួលធ្វើដំណើរ» ។ អែនឌី និយាយ ។

សេបាស្ទៀន មានទឹកមុខញញឹម និងប្រើកាយវិការគួរឲ្យស្រឡាញ់ និងគោរពជាជនជាតិបរទេស គាត់និយាយប្រាប់លោក ម៉ារ៉ា អ្នកសារព័ត៌មានគេហទំព័រ «មតិអ្នក» ជាភាសាអាល្លឺម៉ង់ (ប្រទេសស្វីស និយាយ ៤ ភាសា គឺអង់គ្លេស អាល្លឺម៉ង់ បារាំង និងស្វីស)  «ប្រជាជនកម្ពុជាសាមញ្ញ និយាយភាសាអង់គ្លេសសុភាពទន់ភ្លន់ រួសរាយ រាក់ទាក់ មកកាន់ពួកខ្ញុំ» ។

នៅពេលពួកគាត់ដើរតាមមាត់ស្ទឹង គាត់សប្បាយភ្នែកនឹងសង្ក្រាន្តរបស់កម្ពុជា ក៏បានចូលលេងទឹក​ពេលល្ងាចជាមួយអ្នកស្រុក ចំអាកាសធាតុក្តៅផង ធ្វើឲ្យត្រជាក់ទាំងកាយ ត្រជាក់ទាំងចិត្ត         រួមនឹងការលក់ចំណីអាហារច្រើនមុខ និង ភេសជ្ជៈត្រជាក់ៗឆ្ងាញ់ៗ ហើយតម្លៃធូរថ្លៃទៀត ហើយនៅពេលយប់ក៏បានទៅលេងបាញ់ទឹកនៅផឹបស្ទ្រីត (Pub Street)!» ។

មកដល់ទឹកដីអច្ឆរិយៈ ដែលល្បីពីវប្បធម៌រុងរឿង ពួកគាត់បានទៅទស្សនាប្រាសាទអង្គរ ពេលថ្ងៃរះ ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និងប្រាសាទតាសោម ។ ដោយឃើញភាពសប្បាយរបស់ប្រជាជនកម្ពុជា លេងល្បែងប្រជាប្រិយអឺងកង ពួកគាត់ក៏ចូលលេងជាមួយដោយក្តីសប្បាយរីករាយ ។

គាត់ប្រាប់លោក ម៉ារ៉ា ថា មកដល់ខេត្តៀមរាបហើយ គាត់នឹងទៅរាជធានីភ្នំពេញ និងទៅកោះរ៉ុងដ៏ស្អាតប្រណីត ។ រួចនឹងទៅកាន់ប្រទេសវៀតណាម និងឡាវ មុនត្រឡប់ទៅប្រទេសស្វីសរបស់ខ្លួនវិញ ៕

ប្រាសាទតាសោម


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម