ក្រោយចាក់វ៉ាកសាំងលឿន GDP របស់អាមេរិកស្ទុះងើប ៦,៤%

សេដ្ឋកិច្ចថ្ងៃសៅរ៍ ទី01 ខែឩសភា ឆ្នាំ2021 ម៉ោង 11:40 នាទី ព្រឹក

អត្ថបទ សូរ្យរិទ្ធ៖

CNBC នៅថ្ងៃទី ៣០ មេសារាយការណ៍ថា តួលេខសេដ្ឋកិច្ចអាមេរិក (GDP) ក្នុងត្រីមាសទី ១ (មករា-មីនា) ឆ្នាំ ២០២១ បានកើនឡើង ៦,៤% ពីអត្រាប្រើប្រាស់ និងការវិនិយោគរបស់អាជីវកម្ម រួមទាំងកញ្ចប់ជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល បន្ទាប់ពីប្រទេសអាចចាក់វ៉ាក់សាំងករាពារ-១៩ បានយ៉ាងរហ័ស ក្រោមផែនការ ១០០ ថ្ងៃ ១០០លាននាក់ របស់លោក ចូ បៃដេន តែសម្រេចមុនផែនការ ។

លោក Mark Sandy ប្រធានសេដ្ឋវិទូនៅ Moode Analytics បានមានប្រសាសន៍ថា តួលេខនេះបង្ហាញថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅឆ្នាំនេះនឹងពង្រីកខ្លួនសេះបំបោល ជាមួយនឹងផ្នែកប្រើប្រាស់របស់ប្រជាជនអាមេរិក និងការវិនិយោគអាជីវកម្ម ។

អត្រានៃការប្រើប្រាស់ក្នុងស្រុកបានកើនឡើង ១០,៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ការចំណាយទិញទំនិញកើនឡើង ២៣,៦% ខណៈការចំណាយសម្រាប់ឧស្សាហកម្មសេវាកម្មកើនឡើង ៤,៦% ។

លោក Paul Ashworth ប្រធានសេដ្ឋវិទូសហរដ្ឋអាមេរិក បាននិយាយថា កាលពីមុនជនជាតិអាមេរិកបានសន្សំប្រាក់យ៉ាងច្រើន ប៉ុន្តែបន្ទាប់ពីកម្មវិធីចាក់វ៉ាក់សាំងលឿន បណ្តាលឱ្យមនុស្សចេញទៅក្រៅ និងចំណាយម្តងទៀត ពិសេសជាមួយឧស្សាហកម្មសេវាកម្មដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីការផ្ទុះឡើងនៃកូវីដ-១៩ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម