អត្ថបទ ៖ សូរ្យរិទ្ធ
លោកស្រី ផែថងថាន ឈិនវ៉ាត់ នាយករដ្ឋមន្ត្រីថៃបាននិយាយថា ទាហានថៃប៉ះទាហានកម្ពុជា កម្រិតមេដឹកនាំនិយាយគ្នាដោយជឿជាក់ថាអាចដោះស្រាយបាន។ ថ្ងៃនេះ អគ្គមេបញ្ជាការរងកងទ័ពជើងគោកថៃ នឹងទៅជួបផ្ទាល់ជាមួយលោកស្រីនាយករដ្ឋមន្ត្រី ដោយបញ្ជាក់ថា បើមានអំពើហឹង្សាបន្ថែមទៀត យើងត្រូវតែពង្រឹងកម្លាំងរបស់យើង ។
នៅព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅការិយាល័យប្រឆាំងគ្រឿងញៀនថៃ (NSB) លោកស្រី នាយករដ្ឋមន្ត្រី បានផ្តល់បទសម្ភាសន៍ទាក់ទងនឹងជំហររបស់មេដឹកនាំកម្ពុជា បន្ទាប់ពីការប៉ះទង្គិចគ្នារវាងទាហានថៃ និងទាហានកម្ពុជា នៅចុងបុក ខេត្តឧប៊ុនរ៉ាតថានី កាលពីថ្ងៃទី 28 ឧសភា ថា «សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្តេចមិនចង់ឱ្យមានការប៉ះទង្គិចណាមួយកើតឡើងនោះទេ។ ជាការពិតណាស់ ក្នុងនាមជាមេដឹកនាំប្រទេសនីមួយៗ យើងបានបង្ហាញគោលជំហរ និងត្រូវតែការពារប្រទេសរៀងៗខ្លួន»។
ទីបំផុត បន្ទាប់ពីជជែកគ្នានៅថ្ងៃទី២៨ ឧសភា ទើបបានឯកភាពគ្នាថា មេបញ្ជាការកងទ័ពនឹងទៅជជែកគ្នា ហើយតាំងពីយប់មិញនេះមិនមានហិង្សាកើតឡើងទេ ព្រោះបានព្រមព្រៀងគ្នាថាចង់បានសន្តិភាព។ ភាគីទាំងពីរបានដកកម្លាំងចេញគ្រប់គ្នា និងបានយល់ស្របថា ពួកគេមិនចង់ឱ្យមានអំពើហិង្សាកើតឡើងនៅក្នុងតំបន់ដែលមានបញ្ហានោះទេ ។ ថ្ងៃនេះក្រសួងការពារជាតិនឹងចុះទៅចរចាឲ្យបានរៀបរយ ។ លោកស្រី ផែថងថាន និយាយ ។
ចំពោះសំណួរសួរថា តើលោកស្រីនាយករដ្ឋមន្ត្រីមានទំនុកចិត្តថានឹងដោះស្រាយបានទេ? អ្នកស្រី ផែថងថាន បានឆ្លើយថា «គាត់មានទំនុកចិត្តថានឹងអាចដោះស្រាយបាន។ ដើម្បីឱ្យកាន់តែផ្លូវការ លោកស្រីបានបញ្ជូនមេបញ្ជាការប្រទេសទាំងពីរជជែកគ្នា និងមើលថាតើមានអ្វីបន្ថែមនៅក្នុងព័ត៌មានលម្អិតដែលអាចគាំទ្រគ្នាទៅវិញទៅមក»។
អ្នកកាសែតសួរ ៖ ចំពោះការយល់ច្រឡំដំបូងគឺមកពីបញ្ហាផ្ទៃដីត្រួតស៊ីគ្នាឬ? លោកស្រីឆ្លើយថា «ព័ត៌មានលម្អិតនឹងផ្សាយនៅពេលរសៀលនេះ (២៩ ឧសភា)។ បើនិយាយអ្វីមុននឹងមានបញ្ហា ព្រោះវារសើបណាស់ ប៉ុន្តែនៅកម្រិតថ្នាក់ដឹកនាំដែលកំពុងនិយាយនោះមិនមានបញ្ហាទេ»។ ចំពោះសំណួរថាតើមានព័ត៌មានថា កម្ពុជាត្រៀមបញ្ជូនទ័ពទៅកៀកព្រំដែនដែរឬអត់នោះ ។ លោកស្រី ឆ្លើយថា «អូ! វាជាគោលការណ៍របស់ប្រទេសនីមួយៗ ប្រសិនបើមានរឿងធ្ងន់ធ្ងរជាងនេះ ឬការប្រយុទ្ធគ្នាខ្លាំងជាងនេះ ប្រទេសទាំងពីរត្រូវតែបញ្ជូនទ័ពទៅ តែគ្មាននរណាម្នាក់អនុញ្ញាតឱ្យវាកើតឡើងនោះទេ»។
អ្នកយកព័ត៌មានបានសួរទៀតថា តើដូចគ្នានឹងថៃដែរឬទេ? នាយករដ្ឋមន្ត្រីថៃនិយាយថា «ពិតណាស់ ប្រសិនបើមានអ្វីធ្ងន់ធ្ងរជាងនេះ យើងត្រូវបន្ថែមកម្លាំងបន្ថែមទៀត បើមិនដូច្នេះទេ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចប់វា យើងត្រៀមខ្លួនរួចជាស្រេចដើម្បីអោយវាមានសន្តិភាព»។ តើលោកស្រីចង់ថ្លែងសារអ្វីទៅកាន់ទាហានការពារព្រំដែន? តើមានចង់ផ្ញើការលើកទឹកចិត្តដល់ពួកគេ ឬគោលនយោបាយណាមួយទេ? លោកស្រី ផែថងថាន ហៅ អ៊ុងអ៊ីង បានឆ្លើយថា៖ «យើងមិនចង់ឲ្យមានបញ្ហាកើតឡើងរវាងព្រំដែនទេ ទោះនៅទីណាក៏ដោយ។ សូមផ្ញើការលើកទឹកចិត្តជាមុនសិនថា មេទ័ពនឹងទៅពិភាក្សាលម្អិតដើម្បីបញ្ជាក់និងបង្កើតការយល់ដឹងបន្ថែមទៀត។ ត្រង់ចំណុចនោះ សូមអធ្យាស្រ័យ ហើយនិយាយអំពីអ្វីដែលអាចព្រមព្រៀងគ្នា ចូរនិយាយដោយសន្តិវិធី»។ យ៉ាងណាក៏ដោយ នៅពេលសួរម្ដងទៀតថា តើលោកស្រីចង់ផ្ញើសារអ្វីទៅកាន់ប្រជាជនដែលរស់នៅតាមព្រំដែន? លោកស្រី បាននិយាយ«អំពីបញ្ហានេះថា មិនមានបញ្ហាអ្វីទេ។ លោកស្រីចង់ឲ្យប្រជាជននៅតំបន់នោះយល់ពីអ្វីដែលកំពុងកើតឡើង។ លោកស្រីបានអរគុណអ្នកសារព័ត៌មានដែលបានសួរ ព្រោះវាធ្វើឱ្យប្រជាជននៅតំបន់ដែលបានឮព័ត៌មានយល់ថាមានអ្វីកើតឡើង។ ប៉ុន្តែមិនមានបញ្ហាអ្វីក្នុងការពិភាក្សានោះទេ» ។
អ្នកជំនាញវិស័យសារព័ត៌មានសង្កេតឃើញថា អ្នកកាសែតថៃ ក្នុងពេលមិនទាន់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនៅឡើយ ក៏ហ៊ានផ្សាយបង្ខូចកងទ័ពកម្ពុជា ជាអ្នកបង្ក ដែលនេះជាការមិនពេញចិត្តចំពោះការប្រតិបត្តិវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានថៃ ៕