ឯកឧត្តម ព្រុំ សុខា អញ្ជើញជាគណៈអធិបតីក្នុងពិធីចែកអំណោយជូនពលរដ្ឋ១០០គ្រួសារ នៅស្រុកបាភ្នំ ខេត្តព្រៃវែង ពីមូលនិធិកម្ពុជាប្រឆាំងជំងឺកូវីដ-១៩  

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី05 ខែមិថុនា ឆ្នាំ2021 ម៉ោង 9:41 នាទី ព្រឹក

 

(ព្រៃវែង)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានផ្តល់កិតិ្តយសអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយសប្បុរសជន ចូលរួមតាមរយៈមូលនិធិកម្ពុជាប្រឆាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋខ្វះខាត និងជួបការលំបាកដោយសារជំងឺកូវីដ-១៩ ចំនួន១០០គ្រួសារ នៅ២ ភូមិសាស្ត្រគឺ សាលាបឋមសិក្សាគ្រួស និងវត្ត ឃ្លាំង ស្ថិតក្នុង ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលតំណាងដោយលោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ និងក្រុមការងារ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។

ពិធីប្រគល់អំណោយនេះ លោកអភិបាលស្រុកបាភ្នំបានរាយការណ៍ជូនគណៈប្រតិភូពីស្ថានភាពនៃការរីករាលដាលនូវជំងឺកូវីដ-១៩ក្នុងមូលដ្ឋានស្រុកបាភ្នំទាំងមូល ជាពិសេសក្នុងឃុំឈើកាច់នេះ។

លោក ហោ សេរីវឌ្ឍន៍ ក៏បានលើកពីបញ្ហាជំងឺកូវីដ-១៩ និងផលលំបាកនានាដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះប្រាប់ដល់ប្រជាពលរដ្ឋ និងបានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ កុំឱ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នេះ ចូលក្នុងគ្រួសារ និងសហគមន៍ផងដែរ។

ជាមួយគ្នានោះដែរលោក ហោ សេរីវឌ្ឍន៍ ក៏បានលើកឡើងទៀតថា ការបង្កើតមូលនិធិកម្ពុជាប្រឆាំងជំងឺកូវីដ-១៩ នេះគឺដើម្បីគៀងគរថវិការបស់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយសារជំងឺកូវីដ-១៩ ។ ជាមួយគ្នានោះដែរ លោកតំណាងឱ្យប្រជាពលរដ្ឋជួបការលំបាកទាំងអស់ បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានជួយឧបត្ថម្ភក្នុងមូលនិធិនេះយ៉ាងច្រើនកុះករតាមសទ្ធាជ្រះថ្លាផងដែរ។

ឯកឧត្តម ព្រុំ សុខា សូមកោតសរសើរ ដល់ការបង្កើតមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ ក្នុងកាលៈទេសៈ ដ៍លំបាកនេះពិតជាត្រឹមត្រូវ និងចំគោលដៅដែលបានចូលរួមចំណែកជាមួយរដ្ឋាភិបាល ជួយដោយផ្ទាល់ដល់ប្រជាពលរដ្ឋដែលរង ផលប៉ះពាល់ពីជំងឺកូវីដ-១៩ ។ ឯកឧត្តមបានអធិប្បាយពីផលលំបាកនៃជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ប្រាប់ប្រជាពលរដ្ឋ គឺយើងមិនត្រូវស្លន់ស្លោ និងតក់ស្លុតនូវជំងឺនេះទេ ត្រូវតែងើបឈរប្រឆាំង និងទប់ស្កាត់ទាំងអស់គ្នា ដោយជំរុញដល់ប្រជាពលរដ្ឋទាំងអស់ខិតខំថែទាំសុខភាពឱ្យបានល្អ ជាពិសេសត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តឱ្យបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលមាន ៣កាពារ និង៣កុំ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យកើតក្នុងគ្រួសារ និងសហគមន៍ ជាពិសេសកុំស្តាប់តាមការញុះញង់របស់គណបក្សប្រឆាំង អំពីវិធាន និងចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការពារជំងឺកូវីដ-១៩ ។ ឯកឧត្តមបន្តមានប្រសាសន៍ថា គណបក្សប្រឆាំងស្រុកគេ ប្រឆាំងដើម្បីប្រយោជន៍រួម តែអ្នកប្រឆាំងស្រុកខ្មែរ គឺដើម្បីចំណេញប្រយោជន៍បុគ្គលខ្លួនឯងផ្ទាល់ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម