កម្ពុជាទះកំផ្លៀងថៃចំកណ្តាលមុខ ដោយជ្រើសរើសកាលបរិច្ឆេទ គាប់ជួនចំថ្ងៃកម្ពុជាឈ្នះក្តីនៅតុលាការយុត្តិធម៌អន្តរជាតិលើសំណុំរឿងប្រាសាទព្រះវិហារកាលពី ៦៣ឆ្នាំមុន (១៥ ខែមិថុនា ១៩៦២) ហើយថ្ងៃនេះ (១៥ មិថុនា ២០២៥) កម្ពុជាមានជំហរខែងរ៉ែងដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទាក់ទងនឹងបញ្ហាព្រំដែនទាំង៤ ទៅកាន់ប្រទេស ហុល្លង់ ជាអាសនៈរបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ។
អ្នកនយោបាយថៃ និងពួកជាតិនិយមជ្រុល វង្វេងប្រវត្តិសាស្ត្រថៃ មិននឹកស្មានដល់ថា កម្ពុជាប្រើប្រាស់យន្តការអន្តរជាតិនេះទេ តែកម្ពុជាចង់ប្រកាសប្រាប់ពិភពលោកថា ខ្លួនគោរពច្បាប់អន្តរជាតិ និងស្រឡាញ់សន្តិភាព ខ្លាំងជាងថៃ ក្នុងការរៀបចំទប់ទល់ជម្លោះព្រំដែនជាមួយប្រទេសថៃ ។
វាជាពេលវេលាដ៏ត្រឹមត្រូវ ដូច«ឈ្នះមុនប្រយុទ្ធ» សម្រាប់ថ្នាក់ដឹកនាំកម្ពុជា(សម្តេចតេជោ និងសម្តេចធិបតីទាំងទ្វេ) ដ៏ឆ្លាតវៀងវៃ មនោគតិចាស់ទុំ ច្បាស់លាស់ ក្នុងការដោះស្រាយវិវាទ ស្អប់សង្គ្រាម ស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ ។ ថៃទោះជាដឹងខ្លួនមុន មិនអាចឈ្នះក្តីកម្ពុជា និងមិនទទួលយកយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិក៏ដោយ (ICJ) តែថៃជាសមាជិកអង្គការសហប្រជាតិទាំង ១៩៣ ប្រទេសផងដែរ ។
ស្លាកស្នាមចាស់ ធ្វើឲ្យថៃ «ឈឺចាប់ និងបាក់មុខលើពិភពលោក»ម្តងជាពីរដងរួមមកហើយ តែការបាក់មុខ នៅមិនទាន់អស់នៅឡើយទេ អាចនៅរឿងព្រំដែន មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របីម្តងទៀត ដែលនៅជាស្រមោលខ្មៅតាមលង បំបាក់មុខសាជាថ្មី ដូចឆ្នាំ ១៩៦២, ២០១៣ ដូច្នោះហើយ បានជាថៃមិនហ៊ានឡើងទៅ ICJ ម្តងទៀត ដូច«រឿងចាស់» ។
យ៉ាងណាក៏ដោយ ប្រជាជនថៃទាំងអស់កំពុងរង់ចាំមើលថានឹងមានអ្វីកើតឡើងបន្ទាប់។ គេមើលឃើញកម្ពុជាឆ្លាតវៃក្នុងល្បែងនយោបាយអន្តរជាតិ និងមើលឃើញគម្លាតនៃស្ថិរភាពនយោបាយផ្ទៃក្នុងរបស់ប្រទេសថៃដែលកំពុងចុះខ្សោយ ដោយសារការប្រជែងកាច់បំបាក់គ្នាដើម្បីអំណាច រាលដាលដល់រដ្ឋាភិបាលត្រកូល ឈិនវ៉ាត់ ថាអសមត្ថភាព រហូតប្រគល់តួនាទីទៅទាហានចាត់ការរឿងព្រំដែន និងហ៊ានប្រកាសធ្វើសង្គ្រាមពេញលក្ខណៈជាមួយកម្ពុជា ដោយមេទ័ពភូមិភាគ២ ប៊ុនស៊ីន ផាតក្លាង ៕
Bong SoRith (15/6/2025)